(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ឯក ណាត ដាកាល់ (Ek Nath Dhakal) អគ្គលេខាធិការនៃសន្និសីទ​ប្រធាន​សភា នៃអន្តរសភា (ISC) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃ​ជំនួប​នោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ និងស្វា​គមន៍លោកអគ្គលេខាធិការ ISC និងសហការី ដែលបានអញ្ជើញមក​បំពេញ​ទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានអរគុណលោក​អគ្គលេខា​ធិការ ដែលបាននាំយកនូវសញ្ញាសម្គាល់សមាជិកស្ថាបនិកជូន​សម្តេច​នាពេល​នេះ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់​ចំពោះ​លទ្ធផលដ៏ត្រចះត្រចង់ ដែលសន្និសីទ និងកិច្ចប្រជុំកំពូលនៃសហ​ព័ន្ធ​សន្តិភាពសកល UPS សម្រេចបានកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២៥។

ក្នុងជំនួបនោះ លោកអគ្គលេខាធិការ ISC បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានជួបសម្តែង​ការ​គួរសម។

លោកអគ្គលេខាធិការ ក៏បាននាំនូវការសាកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ពីសំណាក់លោកស្រី ហាក់ ចាន់ហាមូន ស្ថាបនិក UPS ផងដែរ។

ក្នុងជំនួបនេះ លោកអគ្គលេខាធិការ បានគូសរំលេចនូវការសរសើរចំពោះ​ភាព​ជាអ្នកដឹក​នាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ជា​ពិ​សេសការគាំទ្រចំពោះដំណើរការរបស់ ISC ជាបន្តបន្ទាប់មក។

លោកអគ្គលេខាធិការ បានថ្លែងកោតសរសើរថា «សម្តេចតេជោ គឺជាមេ​ដឹក​នាំដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា តំបន់ រួមទាំង​ពិភព​លោកទាំងមូល នូវភាពជាអ្នកដឹកនាំដ៏ឆ្នើម»

ជាមួយការមានឱកាសបានជួបផ្ទាល់ជាមួយសម្តេចតេជោនាពេលនេះ លោក​អគ្គលេខាធិការ និងសហការី បានស្នើសុំនូវអនុសាសន៍ពី​សម្តេច​តេជោ ដើម្បីដឹកនាំស្ថាប័ន ISC ដំណើរការទៅមុខដោយជោគជ័យ និង​អាច​បញ្ជ្រៀតខ្លួនចូលទៅក្នុងស្ថាប័នអន្តរជាតិនានាបន្ថែមទៀត។

ទន្ទឹមនឹងនេះលោកអគ្គលេខាធិការ បានគោរពស្នើសុំសម្តេចតេជោ ជួយគាំ​ទ្រ​បន្ថែមទៀត ជាពិសេសជួយជ្រោមជ្រែង ISC ក្លាយទៅជាសមាជិក​អង្កេត​ការណ៍របស់មហាសន្និបាតអន្តរសភា ហៅកាត់ថា អាយប៉ា នាពេល​ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លើយតបដោយការ​ផ្តាំផ្ញើ​សាកសួរសុខទុក្ខលោកស្រី ហាក់ ចាន់ ហាមូន ហើយសម្តេចក៏នឹក​រលឹក​លោកស្រីផងដែរ។

ឆ្លើយតបការស្នើសុំគាំទ្រលើស្ថាប័ន ISC នោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រពេញទំហឹងក្នុងការឱ្យស្ថាប័ន ISC ក្លាយ​ជាសមាជិក​អង្កេតការណ៍របស់អាយប៉ា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការ​ក្លាយ​សមាជិកអង្កេតការណ៍របស់អាយប៉ា ជារឿងសមហេតុសមផល និង​ជា​ការពង្រីកនូវយន្តការបន្ថែមទៀតរបស់ ISC ក្នុងការចូលរួមចំណែកដោះ​ស្រាយបញ្ហារបស់ពិភពលោក ជាពិសេសការចូលរួមចំណែករកសន្តិភាព​សម្រាប់ពិភពលោកផងដែរ។

ក្នុងឱកាសនោះសម្តេចតេជោ ក៏បានចែករំលែកជាមួយលោកអគ្គលេខា​ធិការ​ដោយលើកឡើងពីបញ្ហាប្រឈមនានារបស់​ពិភពលោក​នាពេល​បច្ចុ​ប្បន្ន ជាពិសេសបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បញ្ហាសង្គ្រាមនៅតំបន់កាហ្សា រួមទាំងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។

បញ្ហាទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនទាន​ជា​ច្រើន ជាមួយលោកអគ្គលេខាធិការ ISC ដើម្បីរួមចំណែកបង្ហាញផ្លូវបន្ថែម​ទៀត ក្នុងការស្វែងរកដំណោះស្រាយ និងជាជំហានបន្តរបស់ ISC។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានគូសរំលេចថា នៅក្នុងស្ថានភាពស្មុគ​ស្មាញរបស់ពិភពលោកនេះ តួនាទីរបស់ ISC រឹតតែសំខាន់ ពីព្រោះស្ថាប័ន​អង្គការអន្តរជាតិធំៗកំពុងមានស្ថានភាពចុះខ្សោយ ទាមទារឱ្យមានការ​ចូល​រួមបន្ថែមទៀតពីស្ថាប័នតំបន់ ដើម្បីចូលរួមចំណែកដោះស្រាយ​បញ្ហាស្មុគ​ស្មាញរបស់ពិភពលោក ក៏ដូចជាការស្វែងរកនូវសន្តិភាពសម្រាប់តំបន់ និង​ពិភពលោកផងដែរ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បាន​រំលេចបន្ថែមក្នុងការផ្តល់អនុសាសន៍ដល់ ISC ដើម្បីឱ្យស្ថាប័ននេះ ដំណើរ​ការទៅមុខដោយជោគជ័យ សម្តេចតេជោ ក៏បានផ្តល់នូវការ​ណែនាំពាក់​ព័ន្ធ​ការយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងលេខាធិការដ្ឋានរបស់ ISC ដើម្បីឱ្យលេខាធិការដ្ឋានមានភាពរឹងមាំ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ស្ថាប័ន ISC អាចរឹងមាំ និងបន្តនិរន្ត​រ​ភាព​​ទៅបាន គឺមិនអាចខ្វះបានឡើយនូវតួនាទីដ៏សំខាន់​របស់លេខាធិការ​ដ្ឋាន។

ក្នុងឋានៈជាស្ថាបនិកមួយរូបរបស់ ISC សម្តេចតេជោ ហ៊ុន សែន បាន​ផ្តល់​យោបល់ឱ្យលោកអគ្គលេខាធិការយកចិត្តទុកដាក់ពង្រឹង​តួនាទី​របស់​អគ្គលេខាធិការដ្ឋាន ហើយត្រូវពង្រីកខ្លួនបន្ថែមទៀត ចូលទៅក្នុងយន្ត​ការ​អន្តរជាតិនានា ដើម្បីជាចំណែកក្នុងការរកដំណោះស្រាយ ជួយដល់​ពិភព​លោកទាំងមូល ជាពិសេសដំណើរស្វែងរកសន្តិភាព។

លោកអគ្គលេខាធិការ បានសម្តែងក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានស្តាប់​នូវការ​ណែនាំ និងការចែករំលែកទស្សនៈរបស់សម្តេចតេជោ។ លោកអគ្គ​លេខាធិការ ចាត់ទុកការណែនាំរបស់សម្តេចតេជោ គឺមានតម្លៃខ្លាំងណាស់ ហើយលោកនឹងយកទៅអនុវត្តតាមទិដ្ឋភាពជាក់ស្តែង ដើម្បីឱ្យស្ថាប័ន ISC បានរីកចម្រើនទៅមុខ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅលោកអគ្គលេខាធិការ ISC ឱ្យធ្វើការជាបន្តទៀតជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា៕