(ភ្នំពេញ)៖ លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានថ្លែងថា ការចូលរួមចំណែកណីអ្នកជំនាញ គឺជាធាតុចូលជាសារវ័ន្តឆ្លុះបញ្ចាំងអំពីភាពចម្រុះគ្នា ឆ្លុះបញ្ចាំងអំពីការចូលរួម និងការរួមចំណែកយ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។ ធាតុចូលទាំងអស់នេះពិតជាមានសារៈសំខាន់សម្រាប់ការពិនិត្យ កែលម្អសេចក្តីព្រាងផែនការយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយដំណាក់កាលទី៤ (ឆ្នាំ២០២៥-២០៣០) នេះ ឱ្យកាន់តែប្រសើរមួយកម្រិតទៀត។
ការថ្លែងបែបនេះ របស់លោក តុប សំ បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញបិទកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូល សម្រាប់ផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ ឆ្នាំ ២០២៥-២០៣០» នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ការចូលរួមចំណែកនូវមតិយោបល់យ៉ាងផុលផុសរបស់អង្គកិច្ចប្រជុំ ដែលសុទ្ធសឹងតែជាអ្នកជំនាញ និងអ្នកអនុវត្តផ្ទាល់ក្នុងវិស័យ គឺជាធាតុចូលជាសារវ័ន្តឆ្លុះបញ្ចាំងអំពីភាពចម្រុះគ្នា នៃមតិយោបល់ ពីគ្រប់ក្រសួង ស្ថាប័ន គ្រប់វិស័យ ហើយពិសេសលើសនេះទៅទៀត ឆ្លុះបញ្ចាំងអំពីការចូលរួម និងការរួមចំណែកយ៉ាង ទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។ ធាតុចូលទាំងអស់នេះ ពិតជាមានសារៈសំខាន់សម្រាប់ ការពិនិត្យ កែលម្អសេចក្តីព្រាងផែនការយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយដំណាក់កាលទី៤ (ឆ្នាំ២០២៥-២០៣០) នេះ ឱ្យកាន់តែប្រសើរមួយកម្រិតទៀត»។
ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានលលើកឡើងថា ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ មិនអាចសម្រេចទៅ បានដោយជោគជ័យ ដោយស្ថាប័នប្រឆាំងអំពើពុករលួយតែម្នាក់ឯងនោះទេ ប៉ុន្តែ ទាមទារឱ្យមានការចូលរួមជាចាំបាច់ ពីគ្រប់តួអង្គ និងភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន សង្គមស៊ីវិល និងផ្នែកសិក្សាធិការផងដែរ។
ជាមួយគ្នានេះដែរ លោកបានបន្តថា ការរួមចំណែកយ៉ាងសស្រាក់សស្រាំពេញ១ថ្ងៃ កន្លងមកនេះគឺជាការរួមចំណែកដ៏ធំធេង និងចាំបាច់បំផុតសម្រាប់ឱ្យកម្ពុជាសម្រេចបាននូវសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ សម្រាប់ដំណាក់កាលបន្ទាប់ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន។ ការណ៍នេះឆ្លើយតបផងដែរ ចំពោះអនុសាសន៍ ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ ក្រោមក្របខណ្ឌនៃអនុសញ្ញាអង្គការសហ ប្រជាជាតិប្រឆាំងអំពើពុករលួយ - អ៊ុនកាក់ (UNCAC) ដែលកម្ពុជាបានចូលរួមជាសមាជិកតាំងពី ឆ្នាំ២០០៧ មកម៉្លេះ។
ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបង្ហាញជំនឿជឿជាក់ថា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ ឆ្នាំ ២០២៥-២០៣០ នេះ នឹងត្រូវបានកែលម្អឱ្យកាន់តែប្រសើរថែមទៀត ដែលឆ្លុះបញ្ចាំងអំពីមតិ យោបល់ ដែលទទួលបានពីអង្គប្រជុំទាំងមូល ហើយឆ្លើយតបទៅបានចំពោះការដ្ឋានកែ ទម្រង់ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំយ៉ាងក្លៀវក្លាប្រកប ដោយថាមពល និងភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទន្ទឹមនឹងនេះដែរ លោកបានឱ្យដឹងថា នាពេលដ៏ខ្លីខាងមុខនេះ សេចក្តីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ ឆ្នាំ២០២៥-២០៣០នេះ នឹងចេញជារូបរាង ហើយត្រូវដាក់ឆ្លង សម័យប្រជុំលើកទី១ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៤ ដើម្បីពិនិត្យ សម្រិតសម្រាំងបន្ថែមមួយកម្រិតទៀតមុននឹងអនុម័តឱ្យអនុវត្តជាផ្លូវការ៕