(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងលួចបើកល្បែងអនឡាញខុសច្បាប់មួយកន្លែង នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយចាប់ខ្លួនមនុស្ស២៤នាក់។
តាមការបញ្ជាក់របស់សមត្ថកិច្ចដែលចុះប្រតិបត្តិការ បានឲ្យដឹងថា សកម្មភាពពួកគេដែលកំពុងប្រព្រឹត្តនៅលើទីតាំងខាងលើនេះ គឺមានជួលបុគ្គលិកមកធ្វើការតាមអនឡាញ ដើម្បីទារប្រាក់អ្នកដែលជំពាក់លុយនៅប្រទេស វៀតណាម។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកសរុប២៤នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន២១នាក់, ជនជាតិចិនចំនួន២នាក់ និងជនជាតិខ្មែរ១នាក់។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា កាលដែលពួកគេមកជួលផ្ទះ គឺបានធ្វើកិច្ចសន្យាជួលថាពួកគេមករស់នៅតែ២ ទៅ៣នាក់តែប៉ុណ្ណោះ និងប្រកបមុខរបរស្របច្បាប់ ដោយជួលក្នុងតម្លៃ៧៥០ដុល្លារក្នុង១ខែ។ ក្នុងនោះក៏បានកក់ប្រាក់សម្រាប់១ខែរួចរាល់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ផងដែរ។
ប៉ុន្តែនៅពេលដែលឃើញមកស្នាក់នៅហាក់ដូចជាប្លែក ដោយផ្ទះបានបិទទ្វារជាប់រហូត និងមានឮសំឡេងគ្នាច្រើននៅក្នុងផ្ទះ មិនដូចកាលដែលធ្វើកិច្ចសន្យាជួលនោះឡើយ ទើបលោកមេភូមិមានការសង្ស័យ ក៏បានរាយការជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចបានដកហូតទូរស័ព្ទដៃរបស់បុគ្គលិកជាច្រើនគ្រឿង និងកុំព្យូទ័រចំនួន៣គ្រឿង យកមករក្សាទុកជាបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវបន្ត៕