(ព្រះវិហារ)៖ លោកស្រី សោម សុខុម ជាមេឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានពានរង្វាន់លេខ១ ទូទាំងប្រទេស ជាស្ដ្រីឆ្នើមក្នុងការដឹកនាំនៅមូលដ្ឋាន ដែលមានស្នាដៃក្នុងការអនុវត្តគម្រោង «ស្តីពីការអប់រំអភិវឌ្ឍន៍ កុមារតូច និងមតេយ្យសហគមន៍ ដោយទទួលបានពានរង្វាន់កិត្តិយសមួយ និងសម្ភារគាំទ្រសរុបចំនួន១០០០ដុល្លា និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាណាដារយះពេល២សប្តាហ៍»។
លោកស្រី សោម សុខុម ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ថា «ការទទួលបានពានរង្វាន់នេះ ដោយសារតែឃុំចំរើន អនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់សេវាសង្គម ទៅដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះបានល្អ និងមានការកោតសរសើរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន»។
លោកស្រីមេឃុំចំរើនរូបនេះ បានគូសបញ្ជាក់ថា ការទទួលពានរង្វាន់នេះ គឺមានការចូលរួមចំណែក ពីក្រុមប្រឹក្សា និងមេភូមិ ព្រមទាំងក្រុមការងារទាំងអស់ នៅក្នុងឃុំចំរើន ជាពិសេសស្ដ្រីដែលទទួលបន្ទុក ខាងសេវាសង្គម ដែលគាត់ជាអ្នកធ្វើអនុវត្ដផ្ទាល់។លោកស្រី សោម សុខុម បានថ្លែងបេ្ដជ្ញាចិត្ដនឹងបន្ដធ្វើសេវាសង្គម ឱ្យបានកាន់តែល្អ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងប្ដេជ្ញាជួយដោះស្រាយរាល់បញ្ហា ជូនដល់ពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានកាន់តែឆាប់រហ័ស។
លោកស្រី សោម សុខុម បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបេ្ដជ្ញាចិត្ត ធ្វើការងារសេវាសង្គម ឱ្យបានកាន់តែប្រសើរឡើង ដើម្បីបម្រើប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាដែលពួកគេកំពុងប្រឈមមុខ។ ខ្ញុំនឹងបន្តធ្វើការដោយស្មោះត្រង់ ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់រាជរដ្ឋាភិបាល»។
គូសបញ្ជាក់ថា ពានរង្វាន់ដែលមេឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានខាងលើនេះ ក្នុងការប្រកួតប្រជែងកម្មវិធីពានរង្វាន់ស្ត្រីឆ្នើម ក្នុងការដឹកនាំនៅមូលដ្ឋាននៃ «គម្រោងភាពជាដៃគូ សម្រាប់គំនិតច្នៃប្រឌិតរបស់ទីក្រុង លើការដឹកនាំរបស់ស្ត្រីនៅមូលដ្ឋាន» ដែលរៀបចំដោយសម្ព័ន្ធជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន៕