(ហ្សឺណែវ)៖ លោកវេជ្ជបណ្ទិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វិភាគទានរួមចំណែកសម្រាប់យុទ្ធនាការកៀគរមូលនិធិទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់អង្គការសុខភាពពិភពលោក (Investment Round) ដែលនេះគឺជាកាយវិការដ៏ល្អប្រពៃនៃកម្ពុជា។
ការថ្លែងយ៉ាងដូច្នេះរបស់លោកនាយកអង្គការសុខភាពពិភព លោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា នាឱកាសមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព» “One World for Health” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។
ក្នុងជំនួបពិភាក្សាការងារនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកនាយកប្រចាំតំបន់ ក៏បានជម្រាបអំពីស្ថានភាពរបស់អង្គការសុខភាពពិភពលោក ដូចជាការកាត់បន្ថយថវិកាចំណាយ ដោយត្រូវធ្វើអាទិភាពកម្មវិធី ការកែសម្រួលរចនាសម្ព័ន្ធ តែទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក ប្តេជ្ញាចិត្តបន្តគាំទ្រសកម្មភាពសុខាភិបាលកម្ពុជា។
កិច្ចសំណេះសំណាលនេះ លោកនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (the Western Pacific Region, WPRO) បានថ្លែងការកោតសរសើរដល់សុខាភិបាលកម្ពុជា ចំពោះវឌ្ឍនភាពធំៗ ទាំងការដាក់ចេញផែនទីចង្អុលបង្ហាញការគ្របដណ្តប់សុខភាពសាកល (Universal Health Coverage Roadmap) ការផ្តល់ជាអាទិភាពចម្បងលើសុខភាពបឋម (Primary Health Care) ជាមួយសកម្មភាពជាលទ្ធផលជាក់ស្តែងជាច្រើនក្នុងសហគមន៍ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សកម្មភាពអប់រំសុខភាព ការរៀបចំផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤ ឆ្នាំ២០២៥-២០៣៣ ការដាក់អោយដំណើរការផែនការសកម្មភាពប្រយុទ្ធ បង្ការជំងឺមិនឆ្លង និងជំងឺមហារីក ជាដើម។ល។
ជាការឆ្លើយតបលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក ដែលនៅតែបន្តចូលរួមជាមួយកម្ពុជា ឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកា ជូនដល់វិស័យសុខាភិបាល ជាពិសេសកម្មវិធីសំខាន់ៗ ដូចជា ការថែទាំសុភាពបឋម ការលុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺអេដស៍ ជំងឺរបេង ការប្រយុទ្ធនឹងជំងឺមិនឆ្លង ជាដើម។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្វាគមន៍ដំណើរទស្សនកិច្ចនៅកម្ពុជាម្តងទៀត របស់លោកនាយកប្រចាំតំបន់ក្នុងឆ្នាំនេះ។
សូមជម្រាបថា តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង២០៖៥០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព» “One World for Health” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ។
ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចូលរួមធ្វើបទអន្តរាគមន៍នៅចំពោះមុខរដ្ឋជាសមាជិកដែលមកពីគ្រប់បណ្តាប្រទេសលើសកលលោក អំពីសមិទ្ធិផលធំៗដែលសុខាភិបាលកម្ពុជាសម្រេចបានថ្មីៗនេះបន្ថែមទៀត រួមទាំងផែនការអាទិភាពសុខាភិបាល ដែលដាក់ទិសដៅសំដៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage Roadmap, UHC) ដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពបឋម (Primary Health Care Enhancement) សម្រាប់ប្រជាជនកម្ពុជា ពោលគឺ «មិនទុកចោលនរណាម្នាក់មិនទទួលបានការថែទាំសុខភាពនោះឡើយ»។
បន្ថែមពីនេះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគីជាមួយ នាយកអង្គការសុខភាពពិភពលោក ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងប្រធានអង្គការអន្តរជាតិផ្នែកសុខភាពមួយចំនួន ពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម សម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចអាទិភាពសុខាភិបាល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គូសរំលេចដែរថា មហាសន្និបាតអង្គការសុខភាពពិភពលោក គឺជាវេទិកាពិភពលោកមួយ ដែលបណ្តារដ្ឋជាសមាជិក នៃអង្គការសុខភាពពិភពលោក ចូលរួមពិនិត្យពិភាក្សា ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងសម្រេចការងារពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាជនជាសកល។ មហាសន្និបាតសុខភាពត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់សុខាភិបាល នៃរដ្ឋសមាជិក របស់អង្គការសុខភាពពិភពលោក ផ្តោតលើរបៀបវារៈសុខភាព ដែលរៀបចំឡើងដោយក្រុមប្រឹក្សាប្រតិបត្តិ សម្រាប់ដាក់ជូនមហាសន្និបាតពិនិត្យពិភាក្សា និងសម្រេច៕