(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រី បានធ្វើការផ្ទេរការិយាល័យបោះឆ្នោតថ្មី ចូលសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ និងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅពិនិត្យ ឈ្មោះ ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ នៅតាមសាលាឃុំ សង្កាត់ឲ្យបានគ្រប់គ្នា និងទាន់ពេល ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។
លោក នួន ផារ័ត្ន បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ គ.ជ.ប សូមអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ អញ្ជើញទៅពិនិត្យមើលឈ្មោះ របស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬចូលពិនិត្យមើល តាមអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរស័ព្ទឆ្លាត (Mobile App) NEC KH ដើម្បីឲ្យប្រាកដថាខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។
លោកថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរដែលមាន សិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ ឬប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ដែលមានបំណង កែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរ ឯកសារចុះឈ្មោះបោះឆ្នោត) ឬអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យ ជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក សូមអញ្ជើញទៅជួបក្រុមចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ដែលបងប្អូនកំពុងរស់នៅ។
លោកអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយ ខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរឲ្យបានយល់ជ្រួតជ្រាប និងជួយជំរុញប្រជាពលរដ្ឋទៅ ពិនិត្យមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។
លោក នួន ផារ័ត្ន សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឲ្យដំណើរការនៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ៕