(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) នឹងរៀបចំ «វេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ២០២៥ (Cambodia Investment Matching 2025-CIM)» ក្រោមប្រធានបទ «ការជំរុញកំណើនតាមរយៈដៃគូវិនិយោគយុទ្ធសាស្ត្រ (Empowering Growth Through Strategic Investment Partnerships)» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ជំនួបវិនិយោគកម្ពុជានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជំរុញឲ្យសហគ្រិនខ្មែររួមគ្នា បង្កើននូវដៃគូ វិនិយោគយុទ្ធសាស្ត្រនៅក្នុងវិស័យសំខាន់ៗ ដូចជាវិស័យទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍អចលនទ្រព្យ ជាដើម។

ជំនួបនេះក៏ជាយន្តការអនុវត្តពិសេសមួយរបស់កម្ពុជា សម្រាប់ភ្ជាប់សហគ្រាសជាតិដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ជាមួយវិនិយោគិនដែលមានបទពិសោធន៍ និងគុណវុឌ្ឍ តាមរយៈគំរូអាជីវកម្មដែលមានរចនាសម្ព័ន្ធ ច្បាស់លាស់ តម្លាភាព និងផ្ដោតលើលទ្ធផល៕