(កណ្ដាល)៖ អង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តកណ្ដាល ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ព្រមទាំងការប្រកាសចូលកាន់តំណែងប្រធាន-អនុប្រធាន នៃអង្គភាពមួយនេះផងដែរ នៅថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌, លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល, លោក ជឺ សុខ ប្រធានសាលាដំបូងខេត្ត និងលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងអភិបាលស្រុក-ក្រុងទូទាំងខេត្តកណ្ដាល។

លោក ស្រ៊ុន វ៉ាន់នាង ត្រូវបានតែងតាំងជាប្រធាន, លោក យឹម កេតធី ជាអនុប្រធាន និងលោក ណុប សាវុធ ជាមន្ត្រី នៃអង្គភាពអាជ្ញាសាលានៃសាលាដំបូងខេត្តកណ្ដាល។

ក្នុងឱកាសនោះ លោក ហាក់ សុខមករា អភិបាលរងខេត្ត បានថ្លែងថា នាពេលកន្លងមករាល់ការចុះអនុវត្តសាលក្រម ឬសាលដីកា ដែលបានដាក់ចូលមក រដ្ឋបាលខេត្តស្នើសុំកិច្ចសហការចុះអនុវត្ត ដូចជា ការចុះរុះរើផ្ទះសម្បែង របស់ប្រជាពលរដ្ឋ ពោលដោយមុននឹងចុះអនុវត្ត ត្រូវរៀបចំកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្ត និងអាជ្ញាសាលាជាមុនសិន ដោយអញ្ជើញគូភាគីចូលរួមផងដែរ ដើម្បីគិតគូរយកចិត្តទុកដាក់ចំពោះភាគីចាញ់ក្ដី ដើម្បីដោះស្រាយការ លំបាកនានាសំដៅមិនធ្វើឲ្យអ្នកចាញ់គ្មានកន្លែងស្នាក់នៅ តែលតោលឡើយ។ យ៉ាងហោចអ្នកឈ្នះក្ដីគួរជូនថវិការអ្នកចាញ់ក្ដីក្នុងទំហំណាមួយ ដើម្បីទុកលទ្ធភាពឲ្យរកកន្លែងស្នាក់នៅបណ្ដោះអាសន្តជាដើម។

ជាមួយគ្នានេះលោក ជឺ សុខ ប្រធានសាលាដំបូងខេត្តកណ្ដាល បានលើកឡើងថា ការអនុវត្តន៍ត្រូវមានភាពទន់ភ្លន់ និងម៉ឺងម៉ាត់ មិនមែនប៉ះដៃយកដៃ ប៉ះជើងយកជើងនោះទេ ព្រោះពលរដ្ឋយើងមិនទាន់ដឹងច្បាស់លាស់ជុំវិញតួនាទី របស់អាជ្ញាសាលាឡើយ។ សំណូមពរអាជ្ញាសាលាត្រូវបត់បែន ទន់ភ្លន់តាមកាលៈទេសៈ មិនមែនអនុវត្តន៍ដាច់ខាតនោះទេ។

លោកថា «ពេលយើងចុះអនុវត្តន៍នោះ មិនចេះតែដកហូតនោះទេ ជួនកាលមួយចំនួនអាចប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ផលប្រយោជន៍របស់ពួកគាត់ផងដែរ ដោយយើងត្រូវថ្លឹងថ្លែង ហើយពេលខ្លះបើយើងរឹបអូស តើវាប៉ះពាល់ស្ថានភាពសេដ្ឋកិច្ចកូនបំណុលឬទេ? ព្រោះនីតិវិធីមានច្រើន មិនមែនដាច់ខាតត្រូវតែរឹបអូសនោះឡើយ។ សូមឲ្យគិតគ្រប់ជ្រោយ តាមកាលៈទេសៈ ប៉ុន្តែមិនមែនប្រាសចាកតាមនីតិវិធីជាធរមាននោះទេ។ លោកបានកោតសរសើរការអនុវត្តន៍នាពេលកន្លងទៅប្រកបដោយជោគជ័យបានល្អប្រសើរ និងសង្ឃឹមថា នឹងមានការអនុវត្តន៍ឲ្យកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ»

លោកបានស្នើមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូន នៃអង្គភាពនេះ សូមចូលរួមជួយអនុវត្តន៍ភារកិច្ចរបស់ខ្លួនឲ្យរឹតតែល្អប្រសើរឡើង ព្រោះបើកិច្ចការបញ្ជូនទាក់ទងនឹងកិច្ចការនេះ បើធ្វើមិនបានល្អទេ វាអានឹងកកស្ទះសុំណុំរឿង នាំឲ្យកើតផលលំបាកនានាដើម។

លោកក៏ស្នើសមត្ថកិច្ច ចូលរួមកិច្ចសហការបន្ថែមទៀតទៅលើចំណាត់នីតិវិធីសុំណុំរឿង ព្រោះថាសំណុំរឿងមានជាង ៣,០០០ករណី ជារឿងព្រហ្មទណ្ឌ និងជាង ៣,០០០ករណី ជាសំណុំរឿងរដ្ឋប្បវេណីក្នុងមួយឆ្នាំ។

លោក ផូវ សំភី បានណែនាំប្រធានអង្គភាពអាជ្ញាសាលានៃសាលាដំបូងខេត្តកណ្ដាល ដែលទើបតែងតាំងថ្មីនេះ ត្រូវអនុវត្តន៍មុខងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ត្រឹមត្រូវ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់ជំនឿចិត្តពីសាធារណជនលើអង្គភាពអាជ្ញាសាលា ក៏ដូចជាលើកកម្ពស់កិត្យានុពលភាព នៃការអនុវត្តន៍ច្បាប់នៅកម្ពុជា។

លោក ផូវ សំភី បន្តថា តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយអំពីអង្គភាពអាជ្ញាសាលាដែលបានរៀបចំនាពេលកន្លងទៅ, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាក់ចេញគោលការណ៍ដូចខាងក្រោម៖

*ទី១៖ ស្នើឲ្យប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំង៨ ផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការឲ្យបានពេញលេញ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តការងាររបស់អង្គភាពអាជ្ញាសាលា តាមភារកិច្ចដែលកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

*ទី២៖ ស្នើឲ្យប្រធានសាលាដំបូង និងអង្គភាពអាជ្ញាសាលាតាំងនៅមេត្តាគិតគូទីតាំងសម្រាប់បំពេញការងាររបស់អង្គភាពអាជ្ញាសាលា ផ្ដល់ការគាំទ្រចាំបាច់នានាទាំងផ្នែករដ្ឋបាល logistic (ភស្តុភា) និងថវិកាដោយបញ្ចូលក្នុងគម្រោង កញ្ចប់ថវិកា របស់សាលាដំបូងសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ដើម្បីធានាដល់កិច្ចដំណើរការរបស់អង្គភាពអាជ្ញាសាលា។

*ទី៣៖ ស្នើឲ្យប្រធានអង្គភាពអាជ្ញាសាលានីមួយៗ គិតគូររៀបចំជ្រើសរើសឲ្យមានមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូននៅតាមអង្គភាពរបស់ខ្លួន ស្របតាមប្រការ១០ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពអាជ្ញាសាលានៅតាម សាលាដំបូងរាជធានី-ខេត្ត និងនៅចំពោះមុខ ស្នើសុំឲ្យលោកប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញា មេត្តាសម្របសម្រួលផ្ដល់នូវធនធានមនុស្សបន្ថែមដូចជាមន្ត្រីជាប់កិច្ចសន្យា មន្ត្រីហេតុហាត់ការ ដើម្បីសម្រួលទៅលើ ប្រតិបត្តិការកិច្ចការបញ្ជូននិងធានាដល់កិច្ចដំណើរការរបស់អង្គភាពអាជ្ញាសាលាឲ្យបានរលូន។

*ទី៤៖ ស្នើឲ្យអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ដែលមានការពាក់ព័ន្ធនឹងកិច្ចការងាររបស់អាជ្ញាសាលា ផ្ដល់កិច្ចសហការឲ្យបានពេញលេញនៅពេលចុះអនុវត្ត តាមការស្នើសុំពីអង្គភាពអាជ្ញាសាលា ដោយប្រគល់កិច្ចការងារនេះជូនទៅប្រធានសាលាដំបូង និងព្រះរាជអាជ្ញា ដើម្បីធ្វើការសម្របសម្រួលក្នុងករណីចាំបាច់ ប្រធានអង្គភាពអាជ្ញាសាលាស្នើរសុំការគាំទ្រចាំបាច់នានា ក្នុងការអនុវត្តនូវមុខងាររបស់មន្ត្រីអាជ្ញាសាលា ឲ្យមានប្រសិទ្ធភាព ទៅកាន់អង្គភាពដែលមានការពាក់ព័ន្ធផ្សេងៗ។

*ទី៥៖ ស្នើឲ្យប្រធានអង្គភាពអាជ្ញាសាលា លោក លោកស្រី ជាមន្ត្រីអាជ្ញាសាលាអនុវត្តមុខងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់ជំនឿទុកចិត្តរបស់ សាធារណជនលើអង្គភាពអាជ្ញាសាលា ក៏ដូចជាការលើកកម្ពស់នៃកិត្យានុភាពនៃការអនុវត្តច្បាប់នៅកម្ពុជា។

លោក ស្រ៊ុន វ៉ាន់នាង ដែលត្រូវបានផ្តល់សេចក្តីទុកចិត្តតែងតាំងតំណែងជា ប្រធានអង្គភាពអាជ្ញាសាលា បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងបំពេញការងារនេះឲ្យបានល្អ និងមានប្រសិទ្ឋភាពការងារខ្ពស់ ដើម្បីចូលរួមអនុវត្តសកម្មភាព កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ដែលស្ថិតក្នុងមុំទី៤ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវគុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌៕