(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជាបណ្ដោះអាសន្នដោយសារជំងឺឆ្លង។ ចំណាត់ការនេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋ។
ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
ភ្ជាប់ជាមួយនឹងបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋនេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ដែលខិតខំអនុវត្តបានល្អនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ទោះយ៉ាងណាសម្តេចបវរធិបតី បានណែនាំឱ្យបន្តការងារនេះដូចភ្លៀង រលឹមដើម្បីលុបបំបាត់បញ្ហាចោរកម្ម គ្រឿងញៀន និងក្មេងទំនើង ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ។
គួរឱ្យដឹងថា អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ បានណែនាំដល់មន្រ្តីនៅតាមព្រំដែន ឱ្យចូលរួមទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាងដែលប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន។ និងបានណែនាំឱ្យអាជ្ញាធរចាត់វិធានការតាមដានទប់ស្កាត់ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់តាមច្រក របៀងក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់។
ដោយឡែក សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើទោះបីជាបច្ចុប្បន្ន នៅកម្ពុជាពុំរកឃើញមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ (ពិសធ្យូង) លើសត្វពាហនៈ (គោ-ក្របី) ក្តី, ក៏ក្រសួងបានសម្រេចហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយ នៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។
សូមជម្រាបដែលថា បញ្ហាសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយចាប់តាំងពីដើមអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។
រាជរដ្ឋាភិបាល ក៏បានទម្លាក់ថវិកាបន្ថែមជាង ៣០ពាន់លានរៀល នៅឆ្នាំ២០២៤ និងថវិកាពិសេសបន្ថែមចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥ និងឆ្នាំបន្ទាប់ ដើម្បីបង្កើនបរិមាណថ្នាំសម្រាប់ព្យាបាលជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ (ពេលមុនអាចផ្តល់ថ្នាំជូនប្រជាពលរដ្ឋថ្នាំសម្រាប់លេបរយៈពេលត្រឹម ១សប្តាហ៍ រហូតដល់ពេលបច្ចុប្បនអាចផ្ដល់ថ្នាំជូនសម្រាប់លេបរហូតដល់រយៈពេល ១ខែ នៅកន្លែងខ្លះ)។ ការបង្កើនបរិមាណថ្នាំជូនដល់ប្រជាពលរដ្ឋ បាននិងកំពុងជួយកាត់បន្ថយតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅទទួលថ្នាំនៅមណ្ឌលសុខភាពច្រើនដងក្នុងមួយខែៗ ដែលជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកា៕