(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យតាមដានរាល់គម្រោងមូលនិធិឃុំ សង្កាត់ និងការស្ថាបនាផ្លូវ ត្រូវមានគុណភាព និងត្រូវតាមជំនាញបច្ចេកទេស។ ការថ្លែងណែនាំបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារ ខែមិថុនា ឆ្នាំ២០២៥របស់រដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២៥។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តសហការ ការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។ បន្ថែមលើកពីនេះ លោកអភិបាលខេត្ត បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន៖
*ទី១៖ ក្នុងរដូវវស្សានេះមន្ទីរជំនាញពាក់ព័ន្ធត្រូវពិនិត្យតាមដានការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ រាល់បញ្ហាដែលកើតមានត្រូវចុះពិនិត្យអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា
*ទី២៖ បន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ដូចជាការបង្ក្រាបក្មេងទំនើង ដែលបង្កការអុកឡុក ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម មិនត្រូវលើកលែងឡើយ
*ទី៣៖ ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់
*ទី៤៖ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ
*ទី៥៖ អាជ្ញាធរមូល ក្រុង ស្រុកទាំងអស់ ត្រូវពិនិត្យដោះស្រាយសម្របសម្រួលជូនប្រជាពលរដ្ឋ ឲ្យអស់លទ្ធភាពក្រៅប្រព័ន្ធតុលារាល់បណ្តឹងផ្សេងៗ
*ទី៦៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណើរសំណូមពរ និងបញ្ហាផ្សេង ៗរបស់ប្រជាពលរដ្ឋ៕