(ស្វាយរៀង)៖ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទៅចាក់វ៉ាក់សាំងការពារ និងបង្ការចម្លងជំងឺកូវីដ១៩។
ឆ្លៀតក្នុងឱកាសដឹកនាំមន្ត្រីនគរបាលចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាពនានាក្នុងស្រុក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានណែនាំដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ ក្នុងស្រុកត្រូវចុះចលនាដឹកនាំពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យពួកគាត់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា ខណៈដែលមន្ទីរសុខាភិបាលខេត្តបានរៀបចំទីតាំង ទទួលចាក់វ៉ាក់សាំងជូនពលរដ្ឋនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់ពេលវេលាក្នុងម៉ោងបម្រើការងារ។
លោកអធិការនគរបាលស្រុកស្វាយជ្រំ ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវដឹកនាំពលរដ្ឋ និងមន្ត្រីក្រោមឱវាទធ្វើអនាម័យ សំអាតបរិស្ថានភូមិ និងកន្លែងបម្រើការងារ ឲ្យបានល្អស្អាត ហូបចុកឲ្យមានអនាម័យ រស់នៅនិងប្រាស្រ័យទំនាក់ទំនងឲ្យមានគម្លាត ក្នុងករណីពលរដ្ឋ ឬមន្ត្រីមានបញ្ហាសុខភាពប្រញាប់នាំគ្នាទៅប្រឹក្សា និងទទួលយកការព្យាបាលពីក្រុមគ្រូពេទ្យ ឲ្យបានទាន់ពេលវេលាដើម្បីបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុណាមួយផងដែរ៕