(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ បានអញ្ជើញជាអធិបតីប្រារព្ធពិធី «ទិវាជាតិនៃការចងចាំ» ដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ៣ឆ្នាំ ៨ខែ ២០ នៅទីស្នាក់គណបក្សស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារស្រុក, សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានឃុំទាំង៩ នៃស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបចំនួន ៤៥៥នាក់។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី គណៈអធិបតី និងអង្គពិធីទាំងមូល បានទស្សនាខ្សែវីដេអូឯកសារ រយៈពេល ១០នាទី ស្ដីពី ប្រវត្តិសាស្ដ្រនៃទិវាជាតិនៃការចងចាំ និងការអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយលោក ឈួន ចាន់ណា ប្រធានគណបក្សស្រុកសាមគ្គីមានជ័យ និងដោយលោក សូត្រ សង់ ប្រធានគណបក្សស្រុកទឹកផុស ជូនដល់អង្គពិធីទាំងមូល។

ជាមួយគ្នានេះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការអរគុណសន្តិភាព, អរគុណនយោបាយឈ្នះឈ្នះ, និងដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាព ជាតិពេញលេញ ដោយការយកជីវិតធ្វើជាដើមទុន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកប្រធានក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅនិងពរសព្ទសាធុការពីសំណាក់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាពនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ដែលមានវត្តមានក្នុងពិធីនេះ។

លោកប្រធានក្រុមការងារ បានលើកឡើងថា ការចូលរួមប្រារព្ធទិវា «ទិវាជាតិនៃការចង់ចាំ» គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់អនាគតកូនចៅជំនាន់ក្រោយ ដែលទិវានេះមិនគ្រាន់តែរំលឹកអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនប្រវត្តិសាស្ត្រនៃការបែកបាក់ និងឈឺចាប់ ដែលដានប្រវត្តិសាស្ត្រត្រូវតែចៀសវាងមិនឱ្យកើតមាននាពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងឱកាសនោះផងដែរ លោកប្រធានក្រុមការងារ បានផ្ដល់អនុសាសន៍ជូនដល់សមាជិក/សមាជិកាទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ និងការកសាងសង្គមជាតិទៅអនាគត ដោយត្រូវចងចាំទុក និងចូលរួមទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ដូចខាងក្រោម៖

*ត្រូវយកខ្លឹមសារដែលមានក្នុងសារលិខិតរបស់សម្ដេចបវរធិបតី និងស្មារតីនៃអង្គប្រជុំនាថ្ងៃនេះ ទៅផ្សព្វផ្សាយបន្ដនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងនិងចងចាំនូវនូវប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់នេះ

*ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងជិតស្និទ្ធ ទាំងក្នុងការងារ និងអ្នកជិតខាងក្នុងសហគមន៍

*ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចលនាសន្តិភាព តាមរយៈការចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

*ត្រូវចូលរួមផ្សព្វផ្សាយគុណតម្លៃនៃសន្តិភាព ថែរក្សាសមិទ្ធផលដែលបានកសាងជាង ៤៦ឆ្នាំកន្លងមកនេះឱ្យគង់វង្ស, ការពារឱ្យបានដាច់ខាតតួអង្គ សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ទាំងសន្តិសុខ កិត្តិយស និងកេរ្តិ៍ឈ្មោះ ព្រមទាំងចូលរួមកំចាត់នយោបាយជ្រុលនិយម តាមរយៈការអនុវត្តច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥

*ត្រូវចូលរួមឱ្យសកម្មក្នុងការកសាងសង្គមជាតិឱ្យមានភាពស៊ីវិល័យ តាមរយៈធ្វើជាគំរូល្អមានគុណធម៌ សុជីវធម៌ សីលធម៌ ដែលស័ក្ដិសមជាមូលធនមនុស្សនៃកម្ពុជា ដែលមានបេះដូងសន្តិភាព

*ត្រូវគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធានគណបក្ស និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតីជានាយករដ្ឋមន្ត្រី ដោយខិតខំបំពេញតួនាទី ភារកិច្ចឱ្យកាន់តែសកម្ម និងទទួលខុសត្រូវខ្ពស់ ដើម្បីប្រែក្លាយប្រទេសដែលជាអតីតវាលពិឃាត និងសមរភូមិ ទៅជាប្រទេសអភិវឌ្ឍន៍រីកចម្រើន ចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យបានជោគជ័យ៕