(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានឲ្យមន្រ្តីប្រតិបត្តិសាខាកាកបាទក្រហកម្ពុជាខេត្ត បន្តផ្សព្វផ្សាយខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជាក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» និង វិធានការក្តាប់បាន ស្ថិតិគ្រួសារងាយរងគ្រោះបំផុតតាមភូមិឃុំសង្កាត់ ជូនអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋានភូមិឃុំក្នុងស្រុកភ្នំព្រឹក និងស្រុកកំរៀងប្រមាណ១២០នាក់ នៅសាលាស្រុកភ្នំព្រឹក និងស្រុកកំរៀង។

ថ្លែងក្នុងឱកាសនោះលោក យ៉ាន ឧត្តម នាយករងសាខា បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំមកជាមួយនូវសេចក្តីនឹករលឹកស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក សុខ លូ ជូនក្រុមកាកបាទក្រមឃុំអ្នកស្ម័គ្រចិត្តភូមិទាំងអស់ និងបានកោតសរសើរចំពោះកម្លាំងអ្នកស្ម័គ្រចិត្តរបស់យើងដែលតែងតែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។

ជាមួយគ្នានេះ លោកនាយករងបានរំលឹកពីប្រវត្តិ នៃការកកើតកម្លាំងអ្នកស្ម័គ្រចិត្តរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ដែលជាបណ្តាញអ្នកស្ម័គ្រចិត្តរបស់ពិភពលោក។ ទន្ទឹមនឹងនេះ អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា ត្រូវបានឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពីប្រវត្តិរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម, គោលការណ៍គ្រឹះទាំង៧របស់ចលនា និងវិជ្ជាសង្គ្រោះបឋម ដែលអាចយកទៅអនុវត្តបានក្នុងការជួយដល់ ប្រជាពលរដ្ឋនៅសហគមន៍ដែលជួបប្រទះគ្រោះថ្នាក់ផ្សេងៗ។

លោកនាយករងសាខាបានបន្តថា ប្រធានបទនៃខួបលើកទី១៦២ នៃទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហមឆ្នាំ២០២៥ ​«រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលឆ្លុះបញ្ចាំងការយកចិត្ត ទុកដាក់របស់កាកបាទក្រហមកម្ពុជា លើកិច្ចការត្រៀមជួយសង្គ្រោះ មិនត្រឹមតែភាពងាយរងគ្រោះរបស់កម្ពុជាចំពោះគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតួនាទីពាក់ព័ន្ធរបស់កាកបាទក្រហមកម្ពុជានៅក្នុងពិភ
ពលោកមួយដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងទៀត។

កាកបាទក្រហមកម្ពុជានាបច្ចុប្បន្ននេះបានឈានមុខគេក្នុងការត្រៀមរៀបចំគ្រោះមហន្តរាយអាកាសធាតុ ការអប់រំសហគមន៍ និងការឆ្លើយតបគ្រាអាសន្ន ដោយធានាថា គ្មានពលរដ្ឋខ្មែរណាម្នាក់ត្រូវបានទុកចោល នៅពេលមានគ្រោះមហន្តរាយកើតឡើងឡើយ។

លោក យ៉ាន ឧត្តម បានគូសបញ្ជាក់ថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ត្រូវក្តាប់ឱ្យបាននូវស្ថានភាពគ្រួសារងាយរងគ្រោះបំផុត ដូចជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ដើម្បីជួយពួកគាត់ឱ្យបានល្អប្រសើរ និងប្រសិទ្ធភាព ចំគោលដៅថែមទៀតផងដែរ។

លោកបន្តថា «យើងត្រូវធ្វើការងារត្រៀមបង្ការ ដែលផ្តោតលើសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ ក្នុងន័យនេះ ក្នុងនាមថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធាន ខ្ញុំសូមអំពាវនាវសូមឱ្យយកចិត្តទុកដាក់គិតគូរពីការថែរក្សាសុខភាពឱ្យបានល្អ ដោយការហូបអាហារសុខភាព ត្រូវនាំគ្នាហាត់ប្រាណ ត្រូវនាំគ្នាបញ្ចេញពលកម្ម កាត់បន្ថយការបរិភោគគ្រឿងកំប៉ុង ឬអាហារដែលវេចខ្ចប់ ឬអាហារចៀន អាហារបំពង ឬអាហារដែលមានខ្លាញ់ច្រើន ស្ករច្រើន និងប្រៃពេក ដើម្បីបញ្ចៀសបាននូវជំងឺមិនឆ្លងនានា ដូចជា ជំងឺបេះដូងសរសៃឈាម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ, ជំងឺទឹកនោមផ្អែម, ជំងឺមហារីកជាដើម។ បន្ថែមពីនេះក៏សូមចូលរួមជួយថែរក្សា និងការពារបរិស្ថានឱ្យបានល្អ គឺត្រូវចាប់ផ្តើមពីការមិនប្រើថង់ប្លាស្ទិក ឬរបស់ប្លាស្ទីកផ្សេងៗរហូតដល់ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការដុតសំរាមដែលនាំឱ្យប៉ះពាល់សុខភាព និងបរិស្ថាន ហើយត្រូវនាំគ្នាដាំដើមឈើ ដើម្បីទប់ទល់បានទៅនឹងការប្រែប្រួលអាកាសធាតុនៅលើភពផែនដី»

លោក យ៉ាង ឧត្តម កាកបាទក្រហមបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ទាំងជាតិ និងអន្តរជាតិ។ កាកបាទក្រហមតែងតែជួយដល់ប្រជាជនរបស់ខ្លួននៅក្នុងស្រុកតួយ៉ាងដូចជាអតីតកាលរបស់កម្ពុជា ដែលស្ថិតក្នុងពេលមានសង្រ្គាម, គ្រោះធម្មជាតិ និងវិបត្តិសុខភាពនោះ, កាកបាទក្រហមកម្ពុជាក៏នៅបានរួមចំណែកជួយដល់ចលនាកាកបាទក្រហមអន្តរជាតិយ៉ាងទូលំទូលាយតាមមធ្យោបាយសំខាន់ៗគួរឱ្យកត់សម្គាល់ផងដែរ៕