(ឧត្តរមានជ័យ)៖ ​ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ​ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លុវការនៅថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០២៥​ ដោយលោក លី រដ្ឋា អភិបាលស្រុកចុងកាល់ ជំនួសលោក រិទ្ធី ប៉ាក់ ដែលផ្ទេរទៅកាន់កន្លែងផ្សេង។

ពិធីនេះស្ថិតក្រោមវត្តមានលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំខេត្ត គណបក្សស្រុក គណបក្សឃុំ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត។

លោក មាន ចាន់យ៉ាដា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស និងទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សដែលកំពុងមានវត្តមាននៅទីនេះ។

លោក មាន ចាន់យ៉ាដា បានថ្លែងចូលរួមអបអរសាទរចំពោះលោក លី រដ្ឋា​ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាពេលនេះ។

លោកបានផ្តាំផ្ញើលោក លី រដ្ឋា​ ដែលទើបទទួលបានការតែងតាំងនាពេលនេះ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចទ្វេរដង រក្សាសាមគ្គីភាព ឯកភាពផ្តៃក្នុងរបស់គណបក្សស្រុក គណបក្សឃុំ ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស ក៏ដូចជាចុះតាមខ្នងផ្ទះដើម្បីចង់ដឹងពីសុខទុក្ខរបស់សមាជិកបក្ស ដើម្បីមានវិធានការជួយបានទាន់ពេលវេលា។

ដើម្បីជាការដឹងគុណចំពោះការគាំទ្ររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក លី រដ្ឋា​ បានថ្លែងប្តេជ្ញាចិត្តដូចខាងក្រោម៖

*អនុវត្តឱ្យបានខ្ជាប់ខ្លួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សដែលបានដាក់ចុះឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
*យកអស់កម្លាំងកាយ បញ្ញាស្មារតី សមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាងអនុវត្តយ៉ាងសកម្មមោះមុត រួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយគណបក្ស និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានជោគជ័យ និងយកចិត្តទុក ដាក់ពង្រឹងឱ្យមានប្រសិទ្ធភាពខ្ពស់ រចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន និងយន្តការគណបក្សខេត្ត និងសាខាបក្សភូមិ ក្រុមបក្ស ធានាបានទាំងបរិមាណ និងគុណភាព ដើម្បីបុព្វហេតុដ៍ឧត្តុង្គឧត្តមរបស់គណបក្ស។
*ចូលរួមពង្រឹង និងថែរក្សាឱ្យបានរឹងមាំនូវសាមគ្គីភាព និងឯកភាពផ្តៃក្នុងដែលជាស្នូលដ៍រឹងមាំរបស់គណបក្ស តាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» និងប្តេជ្ញាយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ណែនាំតម្រង់ទិស តាមដានវាយតម្លៃ និងពង្រឹងជាប់ជាប្រចាំរបៀបរបបការងាររបបប្រជុំ ត្រួតពិនិត្យ និងរបបរាយការណ៍ បន្តចិញ្ចឹមចលនាគណបក្សនៅតាមមូលដ្ឋាន ដើម្បផ្សាភ្ជាប់ជាមួយប្រជាជន និងមហាជន។
*ចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់កសាងនិងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា៕