(ព្រះវិហារ)៖ វិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១១៩៤ប័ណ្ណ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ បន្តចុះចែកជូនប្រជាពលរដ្ឋចំនួន៦៥៩គ្រួសារ មកពីភូមិចារ និងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណវត្តចារ្យ ក្រោមវត្តមានលោក មិន ស៊ីថា អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកអភិបាលស្រុកជាំក្សាន្ត មន្ត្រីរាជការ តាមមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោក មិន ស៊ីថា ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្ត បានថ្លែងនូវការចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ លោកថាបណ្ណកម្មសិទ្ធិដីធ្លីដែលចែកជូននាពេលនេះ គឺជាកេរដំណែលដ៏មានតម្លៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
អភិបាលរងខេត្តព្រះវិហារ បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋយើង ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ត្រូវថែរក្សាឱ្យបានល្អ ចៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិក ដែលជាហេតុធ្វើឱ្យមានការលំបាក នៅពេលយើងយក ទៅប្រើប្រាស់ ក្នុងកិច្ចការផ្សេងៗ និងត្រូវចាត់ចែងប្រើប្រាស់ដីធ្លីឱ្យស្របទៅតាមច្បាប់ ខិតខំបង្កបង្កើនផលដាំដំណាំផ្សេងៗដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។
លោក មិន ស៊ីថា បានលើកឡើងពីការសម្រេចបាននូវវឌ្ឍនភាព នៃការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយលោកប្តេជ្ញាចិត្តថា នឹងចែកប្លង់កម្មសិទ្ធដីធ្លី ជូនពលរដ្ឋឱ្យអស់ទូទាំងខេត្តក្នុងឆ្នាំ២០២៥នេះ។
លោកថា «ការចែកជូនប័ណ្ណកម្មសិទ្ធដីធ្លីនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មិនត្រឹមតែជួយធានានូវសិទ្ធិ និងការកាន់កាប់ដីធ្លីដោយស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកាត់បន្ថយជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ»។
លោក មិន ស៊ីថា បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ដែលបានបន្តមរតកដឹកនាំពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅទូទាំងប្រទេស និយាយដោយឡែកខេត្តព្រះវិហាររបស់យើង។
លោកអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនេះ ឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែអភិវឌ្ឍន៍រីកចម្រើនថែមទៀត៕