(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យកីឡាវាយកូនគោល បានបង្ហាញសុទិដ្ឋិនិយម ចំពោះបទចម្រៀង «សម្ដេចពុកសែនល្អកីឡាករឆ្នើម» ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គម នឹងក្លាយជាកម្លាំងចលករថ្មីមួយ ដើម្បីជំរុញឲ្យវិស័យកីឡាវាយកូនគោលកម្ពុជាកាន់តែរីកចម្រើន។
នេះបើតាមការលើកឡើងរបស់លោក យូ ភត្រា ប្រធានគ្រប់គ្រងប្រតិបត្តិទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ បន្ទាប់ពីទីលានបានសហការជាមួយក្លិបវាយកូនគោលសន្ដិភាព រៀបចំកម្មវិធីប្រកួតសប្បាយៗសន្ដិភាព កាលពីថ្ងៃសុក្រកន្លងទៅ ដោយមានកីឡាករជាតិ និងអន្ដរជាតិ ៥០នាក់ចូលរួម។
គួរដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បទចម្រៀង «សម្ដេចពុកសែនល្អកីឡាករឆ្នើម» ដែលបានបង្ហាញនូវសកម្មភាពដ៏ប៉ិនប្រសប់ក្នុងការលេងកីឡាវាយកូនគោលរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង រហូតមានការធ្វើត្រាប់តាមពីប្រជាពលរដ្ឋគ្រប់វ័យ និងបានចែករំលែកយ៉ាងផុសផុលលើបណ្ដាញសង្គម ដូចជាការច្រៀង និងរាំកម្សាន្ដជាដើម។
តាមរយៈបទចម្រៀងដ៏មានអត្ថន័យ ទាំងខ្លឹមសារ និងរូបភាពនេះ លោក យូ ភក្រា បានចាត់ទុកជាសារមួយដ៏ល្អ ក្នុងការបំផុតឲ្យប្រជាពលរដ្ឋ និងយុវជនចូលរួមលេងកីឡា ពិសេសកីឡាវាយកូនគោល ហើយជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ស្របតាមសកម្មភាពជាក់ស្ដែងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតាំងគាំទ្រ និងចូលចិត្តលេងកីឡាវាយកូនគោលជាប្រចាំ។
លោកបន្ដថា «ខ្ញុំគិតថា នេះគឺជាការផ្ទុះមួយដ៏ខ្លាំងមែនទែន ទៅលើវិស័យកីឡាវាយកូនគោល ដែលសម្ដេចពុក(សម្ដេចតេជោ ហ៊ុន សែន) ដែលជាបិតាសន្ដិភាព លោកបានចាប់ផ្ដើម ជាមួយភាពប៉ិនប្រសព្វរបស់លោក ក្នុងការជំរុញឲ្យប្រជាពលរដ្ឋ អាចចាប់ផ្ដើមក្នុងការលេងកីឡាវាយកូនគោល ក៏ដូចជាជួយលើវិស័យកីឡាវាយកូនគោល និងជំរុញឲ្យវិស័យកីឡាវាយកូនគោលកាន់តែរីកចម្រើនថែមទៀតផង»។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាវាយកូនគោល សប្បាយៗសន្ដិភាព ខាងលើ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងរឹតចំណងមិត្តភាព និងសាមគ្គីភាព រវាងកីឡាករជាតិ និងអន្ដរជាតិ ពិសេសចូលរួមលើកកម្ពស់វិស័យកីឡាវាយកូនគោលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ។ ម្យ៉ាងក៏សារបង្ហាញ និងផ្សព្វផ្សាយពីកត្ដាសុខសន្ដិភាពពេញលេញ ទើបផ្ដល់ឱកាសឲ្យកីឡាករជាតិ និងអន្ដរជាតិ បានជួបជុំគ្នាបង្កើតបរិយាកាសប្រកួតដោយសប្បាយរីករាយនេះផងដែរ៕