(ភ្នំពេញ)៖ ក្រោយប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI ជាភាសាខ្មែរលើកដំបូងនៅកម្ពុជា ត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ មានអ្នកចូលប្រើប្រាស់ប្រមាណជាង១ម៉ឺននាក់។ នេះបើតាមបញ្ជាក់ពីលោក លឹម ជាវុត្ថា អគ្គនាយកកម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI និង Fresh News។

Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃ អនុញ្ញាតឲ្យលោកអ្នកសួររកព័ត៌មានដែលចង់បាន។ Fresh AI គឺកម្មវិធី Chatbot សួរឆ្លើយពាក់ព័ន្ធព័ត៌មានតែប៉ុណ្ណោះ ដោយសង្ខេបព័ត៌មាន និងបង្ហាញលីងព័ត៌មានដែលបានចេញផ្សាយផ្លូវការនៅលើ Fresh News។

នៅក្នុងចំណោមអ្នកចូលទៅប្រើប្រាស់កម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI មានទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសមត្ថភាព និងភាពឆ្លាតវៃនៃការបង្ហាញខ្លឹមសារព័ត៌មានលម្អិតៗ ដែលអាចស្វែងរកជាភាសាខ្មែរ។ អ្នកប្រើប្រាស់បានបង្ហាញចំណាប់អារម្មណ៍ថា លក្ខណៈពិសេសនៃ Fresh AI នេះ នឹងអាចជំនួសដល់ការប្រើប្រាស់ Google ឬកម្មវិធីបរទេសមួយចំនួនទៀត ដែលយើងអាចប្រើប្រាស់ជាភាសាខ្មែរ និងមានភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាប្រើប្រាស់ទូទៅ។

សូមជម្រាបថា Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃ ភាសាខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ជាមួយទិន្នន័យយ៉ាងច្រើនអនេក ទាំងព័ត៌មានជាតិ និងអន្តរជាតិជុំវិញពិភពលោក។ ដែលអនុញ្ញាតឱ្យលោកអ្នកអាចចុចសួរអ្វីៗពាក់ព័ន្ធព័ត៌មាន ឬដំណឹង ដែលកើតឡើងនៅកម្ពុជា និងជុំវិញពិភពលោក ជាមួយទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ (500,000 Articles) ដែលរក្សាទុករយៈពេលប្រមាណ១១ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ ដល់ ២០២៥ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ធ្វើឱ្យព័ត៌មានកាន់តែច្រើនឡើង និងកាន់តែឆ្លាតវៃ។

Fresh AI ឆ្លើយព័ត៌មានយ៉ាងឆាប់រហ័សដោយ «សង្ខេបព័ត៌មានយ៉ាងខ្លីសមរម្យ និងបង្ហាញលទ្ធផលស្វែងរកជាច្រើនអត្ថបទ»