(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសាស្រ្តភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពញ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលនូវការប្រគល់ភារកិច្ចពីសម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ដែលសម្តេចទាំងទ្វេ បានបរិច្ចាគធនធានផ្ទាល់ របស់សម្តេច ដើម្បីសាងសង់ព្រះមហាចេតិយ ដែលមានទំហំខឿន (២៧ម៉ែត្រ X ៣៥,១ម៉ែត្រ) តួចេតិយទំហំ(អ័ក្ស) ១១ម៉ែត្រ X ១១ម៉ែត្រ និងកម្ពស់ ៣៧,១ម៉ែត្រ ដើម្បីថ្វាយប្រគេន សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ គោរពនិងលើកតម្កើងព្រះពុទ្ធសាសនា ឱ្យរិតតែឧត្តុង្គឧត្តមបន្ថែមទៀត។
សូមបញ្ជាក់ផងដែរថា ព្រះមហាចេតិយបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕