(ភ្នំពេញ)៖ រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានរៀបចំកម្មវិធីផ្សព្វផ្សាយសៀវភៅ របស់លោក ស៊ូ ថុង ដែលមានចំណងជើងថា «អាកាសធាតុល្អ» និង «ម៉ាល់ទីម៉ែត្រ» ក្រោមកិច្ចសហការរវាង ទីភ្នាក់ងារបោះពុម្ពផ្សាយ អក្សរសាស្រ្តនិងសិល្បៈ PHOENIX ខេត្តជាំងស៊ូ និងគ្រឹះស្ថានបោះពុម្ពខ្មែរ។

លោកបណ្ឌិត ឈុន ហុក សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរំលេចពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ សាកលវិទ្យាល័យភូមិន្ទភ្នំពេញលើបេសកកម្មរបស់ ទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈ PHOENIX ខេត្តជាំងស៊ូ និងគ្រឹះស្ថានបោះពុម្ពខ្មែរក្នុងការរៀបចំ ព្រឹត្តិការណ៍នាថ្ងៃនេះ ដើម្បីលើកកម្ពស់អំណានឱ្យកាន់តែប្រសើរ និងឈ្វេងយល់ពីជម្រៅ នៃខ្លឹមសាររបស់អ្នកនិពន្ធគឺលោក ស៊ូ ថុង ដែលមានភាពល្បីល្បាញក្នុងការតែងនិពន្ធប្រលោមលោក និងស្នាដៃអក្សរសិល្ប៍ជាច្រើន ក្នុងការលើកកម្ពស់អំណាន និងលើកទឹកចិត្តដល់ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តដល់យុវជន។ តាមរយៈស្នាដៃ«អាកាសធាតុល្អ» និង «ម៉ាល់ទីម៉ែត្រ» ជាខេមរភាសានឹងផ្តល់កម្លាំងចិត្តកាន់តែប្រពៃដល់ និស្សិតកម្ពុជាអាចទាញបានទ្រឹស្តីល្អ ពីអ្នកនិពន្ធល្បីឈ្មោះរបស់ប្រទេសចិន។

លោក Zhang Chaoyang អគ្គនាយកទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្ត និងសិល្បៈ PHOENIX ខេត្តជាំងស៊ូ បានថ្លែងថា «ការផ្សព្វផ្សាយអក្សរសិល្ប៍ចិននៅក្រៅប្រទេស មិនត្រឹមតែទាមទារនូវស្នាដៃដែលមានខ្លឹមសារល្អប្រពៃប៉ុណ្ណោះទេ ថែមទាំងត្រូវមានយន្តការកិច្ចសហប្រតិបត្តិការពហុភាសា ដើម្បីបកប្រែខ្លឹមសារនៃអត្ថបទអក្សរសិល្ប៍ចិនស្របនឹង ភាសាផ្លូវការរបស់ជនបរទេស ហើយនាំយកខ្លឹមសារទាំងនោះជាស្ពាន ជាពុទ្ធិ និងជាបទពិសោធន៍របស់ប្រទេសចិន ចាក់បញ្ចូលបន្ស៊ី ជាមួយនិងស្ថានភាពជាក់ស្តែងនៅបរទេស»។ បន្ថែមពីលើនេះ លោកអគ្គនាយកក៏បានរំលេចពីបុរេសកម្ម របស់ខេត្តជាំងស៊ូនៅក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលមានក្រុមហ៊ុនចំនួន២០០ និងកម្មវិធីបើកឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ជាដើម។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍នេះ ហើយបានកោតសរសើរចំពោះនិស្សិតទាំងអស់ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅនេះបានយល់យ៉ាងស៊ីជម្រៅពីខ្លឹមសារគោលរបស់អ្នកនិពន្ធ។ លោកបណ្ឌិតបានចាត់ទុកព្រឹត្តិការណ៍នេះ ជាគីឡូម៉ែត្រចេញដំណើរដ៏ប្រពៃនៃវប្បធម៌អំណាន រវាងកម្ពុជានិងចិន ដោយបានលើកទឹកចិត្តដល់ ទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈ PHOENIXខេត្តជាំងស៊ូពិនិត្យលទ្ធភាពបកប្រែទៅជាភាសាចិន នូវអត្ថបទអក្សរសិល្ប៍ខ្មែរដើម្បីចែកជូនដល់មិត្តចិន យល់កាន់តែស៊ីជម្រៅពីកម្ពុជា។ លោកបណ្ឌិតយល់ថា «អំណានជាឆ្អឹងខ្នងនៃការអភិវឌ្ឍពុទ្ធិនិងបទពិសោធន៍» ហេតុនេះទើបរយៈពេល១០ឆ្នាំមកនេះ លោកបណ្ឌិតបានស្វះស្វែងរកមូលនិធិពីមិត្តចិន ក្នុងការកែលម្អសោភណភាពបណ្ណាល័យ នៅតាមសាលាបឋមសិក្សាចំនួន១៧ក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះ លោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់ សង្គមស៊ីវិលចិនក្នុងខេត្តជាំងស៊ូ ដែលបានផ្តល់មូលនិធិកាលពីចុងឆ្នាំ២០២៤ ដល់សមាគមក្នុងការដាក់អំពូលបំភ្លឺផ្លូវ ប្រើថាមពលពន្លឺព្រះអាទិត្យជូនដល់រដ្ឋបាលក្រុងរុនតាឯកតេជោសែន ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នៃផ្សព្វផ្សាយសៀវភៅរបស់លោក ស៊ូ ថុង នេះមានគោលបំណងសំខាន់ចំនួន៤គឺ៖ ១-លើកទឹកចិត្តដល់អ្នកអាននៅកម្ពុជាបានយល់ពី ស្នាដៃអក្សរសិល្ប៍ចិនដែលបានបកប្រែជាខេមរភាសា ២-ចងស្ពានមេត្រីភាពជាមួយ គ្រឹះស្ថាននានាក្នុងប្រទេសកម្ពុជាក្នុងការបោះពុម្ពផ្សាយ នូវសៀវភៅដែលទាក់ទងនឹងមិត្តភាព រវាងកម្ពុជានិងចិន ៣-លើកកម្ពស់អំណានដើម្បីស្វ័យភាពនៃពុទ្ធិរបស់និស្សិត និង៤-រួមចំណែកអបអរសាទរ ពិធីបើកឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥៕

វិទ្យុមិត្តភាពកម្ពុជាចិន