​(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណេីរ បានអញ្ជេីញជួបសំណេះសំណាលជាមួយប្រជាកសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ ដេីម្បីក្តាប់ស្ថានភាពផលិតកម្ម​ ស្តាប់សំណូមពរ​ និងផ្តល់ការគាំទ្រចាំបាច់។

លោករដ្ឋមន្ត្រីពិតជារីករាយដែល​បានស្តាប់លឺផ្ទាល់ថា​ កសិករដាំទុរេននៅឃុំអូសោមទទួលបាន​ប្រាក់ចំណេញ​ច្រេីន​ និងកំពុងបង្កេីន​ការដាំដុះបន្ថែមដេីម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន​ នាពេលខាងមុខ​ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបានការបេីកទីផ្សារសម្រាប់ការ​នាំចេញទុរេនកម្ពុជា​ទៅប្រទេសចិន​ កាលពីខែមេសាកន្លងទៅ។ ជាក់ស្តែង​ កសិករមួយរូបដែល​មានទុរេន៣០ហិកតា​ អះអាងថាអាចរកបានប្រាក់ចំណេញប្រមាណ​ ២៥មុឺន​ដុល្លារ​ ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ​ កសិករមួយរូបទៀត​កំពុងសាងសង់ឃ្លាំងវេចខ្ចប់ទុរេនអូសោម​ ដេីម្បីសាកល្បងនាំចេញទៅប្រទេសចិន​ នាពេលខាងមុខផងដែរ។

លោករដ្ឋមន្ត្រីបានផ្តាំផ្ញេី​ និងលេីកទឹកចិត្តបងប្អូនកសិករដាំទុរេនឱ្យអនុវត្តកម្មវិធីកសិកម្មល្អ​ឱ្យបានខ្ជាប់ខ្ជួន​ដេីម្បីរក្សាកេរ្តិ៍ឈ្មោះល្អរបស់ទុរេនកម្ពុជា​ ហេីយក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់​ រួមមានការចុះបញ្ជីចម្ការ​ ការប្រេីប្រាស់ជីនិងថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព​ ព្រមទាំងការចាត់មន្ត្រីចុះមកពិនិត្យ​ និងវាយតម្លៃការរៀបចំឃ្លាំងវេចខ្ចប់ទុរេនសម្រាប់នាំចេញនេះឱ្យត្រូវតាមស្តង់ដារដែលប្រទេសចិនតម្រូវ។ ជាងនេះទៀត​ ក្រសួងគ្រោងនឹងបង្កេីត​ស្ទីកឃ័រកំណត់ប្រភពកសិផលកម្ពុជា​ក្នុងទម្រង់ជា​ QR Code​ ដេីម្បីជួយការពារកុំឱ្យមានការក្លែងបន្លំប្រភព​កសិផលកម្ពុជា​ ក៏ដូចជាបង្កេីន​ទំនុកចិត្តរបស់អ្នកទិញ​ និងអ្នកទទួលទានផងដែរ។

ក្រោយកិច្ចសំណេះសំណាល​ លោករដ្ឋមន្ត្រីបានអញ្ជេីញពិនិត្យចម្ការទុរេន​ និងឃ្លាំងវេចខ្ចប់ទុរេនដែលកំពុងសាងសង់សម្រាប់បម្រេីឱ្យការនាំចេញ៕