(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ សហព័ន្ធសហជីពទូទាំងប្រទេសចិន(ACFTU) គណៈប្រតិភូសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-(NACC)ដែលមានសមាជិក៣០រូប ដឹកនាំដោយលោក សោម អូន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជា ប្រធានកិត្តិយសសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីទៅបំពេញទស្សនកិច្ចការងាររយៈពេល១សប្តាយ៍ នៅសាធារណៈរដ្ឋប្រជាមានិតចិន។

លោក សោម អូន បានមានមានប្រសាសន៍ថាថា ក្នុងអំឡុងពេលទស្សនៈកិច្ច៧ថ្ងៃនេះ គណៈប្រតិភូរបស់លោក នឹងអញ្ជើញចូលរួមក្នុងសកម្មភាពសិក្ខាសាលា បោះជំរុំកម្មករ រៀបចំដោយសហព័ន្ឋសហជីពទូទាំងប្រទេសចិន នៅរដ្ឋធានីប៉េកាំង និងខេត្តជើជាំង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការកសាងសហគមន៍កម្ពុជា-ចិនគ្រប់រដូវកាលជាមួយនឹងអនាគតរួមគ្នាក្នុង យុគសម័យថ្មី ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍រួមរបស់កម្មករ និងការកសាងសមត្ថភាពរបស់សហជីព និងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងស្វែងយល់ពីប្រពៃណី វប្បធម៌ សេដ្ឋកិច្ចសង្គម វាងសហជីព និង ប្រជាជននៃប្រទេសទាំងពីរ។ 

លោក សោម អូន គូសបញ្ជាក់ថា ខ្ញុំពិតជាមានកិត្តិយស ដែលបានដឹកនាំគណប្រតិភូថ្នាក់ដឹកនាំសហជីពក្នុងកំរិតថ្នាក់ជាតិ ដែលមានចំនួនច្រើនជាជាលើកទី២ មកបំពេញ ទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ដែលលើកទី១នៅក្នុង មេសា ឆ្នាំ២០១៨ កន្លងទៅ។

ដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើកនេះ ពិតជាមានសារ:សំខាន់ណាស់សំរាប់ភាគីសហជីពប្រទេសទាំងពីរ ដើម្បីបន្តពង្រឹងពង្រីក នូវទំនាក់ទំនងទ្វេរភាគី ជាពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរៀនសូត្រ នូវបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ជាពិសេសភាគីសហជីពកម្ពុជា និងទទួលបាន នូវបទពិសោធន៍ដ៏សំបូរបែបពី មិត្តចិន។

លោក សោម អូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលសាធារណ:រដ្ឋប្រជាមានិតចិន ដែលតែងតែជួយគាំទ្រដល់កម្ពុជាទាំងនយោបាយ បច្ចកទេស សម្ភារ ថវិកា និងបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនគ្រប់វិស័យ។

តាមកម្មវិធីដែលបានគ្រោងទុក គណៈប្រតិភូនៃសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា(NACC) នឹងធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៥នេះតាមជើងហោះហើរCA745៕