(កំពង់ចាម)៖ លោក លន់ សុផាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីសម្ពោធសមិទ្ធិផលវត្តពោធិ៍ព្រះឥន្ទ ហៅវត្តតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមពីព្រះកំពង់ចាមជ័យ កង ប៊ុនហៃ ព្រះមេគណ គណៈធម្មយុត្តិក និកាយខេត្តកំពង់ចាម លោក លោកស្រី ប្រធាន-អនុប្រធាន-សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ អាជ្ញាធរមូលដ្ឋាន ឃុំ ភូមិ លោកគ្រូ អ្នកគ្រូ លោកយាយ លោកតាជាច្រើនរូប។
នាឱកាសនោះលោក លន់ សុផាត បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ របស់ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធិបរិសទ្ធ ចំណុះជើងវត្ត មកពីគ្រប់ទីកន្លែងដែលបានខិតខំកសាងសមិទ្ធិផលនានាក្នុងវត្ត និងអរគុណអាជ្ញាធរដែនដី ដែលបានចូលរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំ និងចាត់ចែងដំណើរការសាងសង់សមិទ្ធិផលទាំងអស់នេះប្រព្រឹត្តទៅដោយរលូន ដែលធ្វើឲទីវត្តតាំងគោគ យើងនេះមានការរីកចម្រើនគួរជាទីមោទនៈ។
នាឱកាសនោះដែរលោក លន់ សុផាត បានឱ្យដឹងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដាក់ចេញនូវ គោលនយោបាយ កំណែទម្រង់លើគ្រប់វិស័យ រួមទាំងវិ ស័យព្រះពុទ្ធសាសនា ដោយផ្តោតសំខាន់ ទៅលើការធ្វើសុខដុមនីយកម្មសាសនា។
ក្នុងន័យនេះ រាជរដ្ឋាភិបាល បានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាឲ្យបាននូវសន្តិភាព ស្ថិរភាព នយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ និងសុវត្ថិភាព ភូមិ ឃុំ សង្កាត់ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ រស់ នៅដោយសុខក្សេមក្សាន្ត និងមានជីវភាពល្អប្រសើរ ព្រមទាំងប្តេជ្ញា ការពារឯករាជ្យ និងបូរ ណភាពទឹកដី មិនឲ្យកម្លាំងណា មករំលោភបំពាន និងបំផ្លាញបានឡើយ។
ឆ្លៀតក្នុងឱកាសនោះដែរ បន្ទាប់ពីការពាំនាំនូវការផ្តាំផ្ញើរ ការនឹករលឹកសាកសួរសុខទុក្ខពីលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម ជូនលោក លោកស្រី ប្រធាន-អនុប្រធាន-សមាជិកក្រុមការងារគណ បក្សចុះមូលដ្ឋានឃុំទាំង១២ នៃស្រុកបាធាយ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ព្រមទាំង លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋរួច, លោក លន់ សុផាត ក៏បានណែនាំឱ្យអភិបាលស្រុក ដែលជាគណៈបញ្ជាការឯកភាព ព្រមទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវបន្តគាំទ្រ និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងពីក្រុមណាមួយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេច មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលប្រសូតចេញពីការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋ។
លោក លន់ សុផាត ក៏បានជំរុញឲ្យអាជ្ញាធរគោរពឱ្យបាននូវរាល់បទបញ្ញត្តិ ច្បាប់រដ្ឋ និងចូលរួមអោយសកម្ម ក្នុងការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើជាឆ្អឹងខ្នងដ៏រឹងមាំ របស់រាជរដ្ឋាភិបាល ដើម្បីដំណើរការស្តារ និងអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ, គណៈបញ្ជាការឯកភាពស្រុក ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយក ចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ត្រូវសហការឱ្យបានជិតស្និទ្ធ បំបាត់ឱ្យបាននូវភាពអសកម្មទាំងឡាយ ចៀសវាងនូវការប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាសេពគ្រឿងញៀន ជួញដូរមនុស្ស លួច ឆក់ ប្លន់ ជាដើម និងត្រៀមលក្ខណៈជានិច្ច រង់ចាំទទួលបទបញ្ជា ក្នុងការជួយអន្តរាគមន៍ ជួយសង្គ្រោះ ប្រជាពលរដ្ឋដែលជួបប្រទះ គ្រោះមហន្តរាយគ្រប់បែបយ៉ាងជាយថាហេតុផងដែរ។
គួរបញ្ជាក់ដែរថា នាឱកាសនោះលោក លន់ សុផាត ក៏បានឧបត្ថម្ភថវិកាសរុប១៥លាន ផ្តល់ជូនវត្ត ១០លានសម្រាប់កសាងសមិទ្ធផលនានា ផ្តល់ជូនសាលាស្រុក ៥លានរៀល សំរាប់រៀបចំកម្មវិធី និងលោកតា លោកយាយ ៥០០នាក់ ក្នុងម្នាក់សារុងមួយផងដែរ៕