(ភ្នំពេញ)៖ គ្រឿងញៀន គឺជាសារធាតុគីមី ឬរុក្ខជាតិម្យ៉ាងដែលមានឥទ្ធិពលលើរូបរាងកាយរបស់បុគ្គលដែលបានប្រើប្រាស់នូវសារធាតុនោះ ហើយនៅពេលដែលប្រើប្រាស់នឹងធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយមានការចុះខ្សោយ ជាពិសេសទៅលើផ្នែកស្មារតី និងអារម្មណ៍ ដោយអាចឈានដល់បាត់បង់ម្ចាស់ការ ឬពិបាកក្នុងការគ្រប់គ្រងលើខ្លួនឯង ប្រសិនបើប្រើប្រាស់ច្រើនហួសកម្រិត ។ ក្នុងករណីអ្នកប្រើប្រាស់ ឬសេពនូវសារធាតុញៀន ហួសកម្រិត ហើយបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន នោះវាមិនមែនត្រឹមតែធ្វើឱ្យប៉ះពាល់លើខ្លួនឯងតែប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យប៉ះពាល់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ ។
តើសកម្មភាពណាខ្លះដែលចាត់ទុកថា ជាការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន? ហើយប្រសិនបុគ្គលណាម្នាក់បើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន នឹងត្រូវបានច្បាប់ផ្តន្ទាទោសយ៉ាងដូចម្តេច?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សូមលើកយកប្រធានបទស្ដីពី «បទបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន» ដើម្បីធ្វើការស្រាយចម្ងល់ខាងលើ មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។
ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន គឺជាសកម្មភាពមួយដែលបុគ្គលម្នាក់បានប្រើប្រាស់ ឬសេពគ្រឿងញៀនហើយធ្វើដំណើរ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយខ្លួនឯង រួមមានម៉ូតូ រថយន្ត ជាអាទិ៍ ។ ដោយឡែកយោងតាមស្មារតីមាត្រា ៦៣ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន បានបញ្ញត្តិអំពី “បទបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន” ថា បុគ្គលណាដែលបើកបរយានយន្តតាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស នៅពេលដែលខ្លួនស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀនដែលខ្លួនបានប្រើប្រាស់ដោយខុសច្បាប់ ទោះបីគ្មានសញ្ញាបង្ហាញឱ្យឃើញពីខាងក្រៅថា បានប្រើប្រាស់គ្រឿងញៀនក៏ដោយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ប្រសិនបើឥទ្ធិពលនៃគ្រឿងញៀននេះបណ្តាលឱ្យប៉ះពាល់ដល់សុវត្ថិភាពនៃការបើកបរ ។
លើសពីនេះ ក្នុងករណីដែលការបើកបរខាងលើនេះបង្កឱ្យមានរបួសដល់អ្នកដទៃ ហើយបណ្តាលឱ្យមានអសមត្ថភាពធ្វើការងារស្មើ ឬលើសពី ៨ (ប្រាំបី) ថ្ងៃ បុគ្គលនោះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ២ (ពីរ) ឆ្នាំ និងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល ។
ក្រៅពីទោសដែលបានលើកឡើងខាងលើ ប្រសិនបើបុគ្គលដែលបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនបានបង្កឱ្យមានរបួសដល់អ្នកដទៃ ហើយបណ្តាលឱ្យពិការអចិន្ត្រៃយ៍ ឬស្លាប់ ជននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងអាចត្រូវទទួលទោសបន្ថែម ដោយពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។
សរុបមក ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនជាអំពើខុសច្បាប់ និងត្រូវផ្តន្ទាទោសជាប់ពន្ធធនាគារ ព្រមទាំងទោសពិន័យផ្សេងៗ ដូចមានចែងក្នុងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ហើយការប្រើប្រាស់ ឬសេពគ្រឿងញៀន អាចធ្វើខូចអនាគតរបស់ខ្លួនឯង ខាតបង់ថវិកាគ្រួសារ ធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ សង្គមសម្បូរទៅដោយក្មេងទំនើង ព្រមទាំងអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យអ្នកដទៃរងរបួស ឬបាត់បង់ជីវិតផងដែរ ។
រៀបរៀងដោយ៖ លោកស្រីមេធាវី យ៉េ នីតា និងលោក ឡាន ស៊ីនុត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ អត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖[email protected] គេហទំព័រ៖ www.cicfirm.com ទំព័រហ្វេសប៊ុក៖ Cambodia International Cooperation Law Firm ៕