(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោក ដាតុ ស៊េរី យូតាម៉ា ហាជីមហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញ ចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានកោតសរសើរដល់ការនាំមុខរបស់ម៉ាឡេស៊ី ក្រោមការដឹកនាំរបស់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ដោយបានទទួលស្គាល់ តួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងលើការផ្តល់ជំនួយមនុស្សធម៌បានយ៉ាង ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពទៅមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏មហន្តរាយនាពេលថ្មីៗនេះ ការណ៍នេះបានបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់អាស៊ាន ហើយបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍មនុស្សធម៌ ដោយទុកភាពខុសគ្នានៃនយោបាយដោយឡែក ក្នុងពេលមានវិបត្តិ៕
ខាងក្រោមនេះជា លទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៖