(កំពង់ធំ)៖ ក្រោយមានសេចក្តីសម្រេចកែសម្រួលឡើងវិញពីលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងជាប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តកំពង់ធំ លោកបណ្ឌិត ថោង ខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រកាសសមាសភាពប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពង្រជាថ្មី និងត្រួតពិនិត្យការងាររបស់គណបក្សឃុំពង្រ ស្រុកតាំងគោក ដោយមានការចូលរួមពីក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក ក្រុមការងារចុះមូលដ្ឋានឃុំពង្រ គណបក្សស្រុកតាំងគោក គណបក្សឃុំពង្រ សាខាបក្សភូមិ យុវជនឃុំ ជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា សម្រាប់សមាសភាពប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលត្រូវបានប្រកាសនេះមានដូចជា៖ លោក ជា បូរ៉ា ជាប្រធាន, លោក វ៉ាហេង ដាវុធ អនុប្រធានទី១, លោក ហាក់ ម៉ុងហួត អនុប្រធានទី២, លោក ថោង រដ្ឋសក្តិ អនុប្រធាន, លោក ជា ចាន់ហេង អនុប្រធាន, លោក ទ្រី ឈីវ អនុប្រធាន, លោក អន សារ៉ាដែន អនុប្រធាន, លោក អ៊ុម គឹមសាន អនុប្រធានប្រចាំការ។

បន្ទាប់ពីលោកប្រធានគណបក្សឃុំពង្រ បានរាយការណ៍សង្ខេបពីលទ្ធផលការងារប្រចាំខែឧសភា និងការមានយោបល់របស់អង្គប្រជុំរួចមក លោកបណ្ឌិត ថោង ខុន បានណែនាំឱ្យរដ្ឋបាលឃុំ មេភូមិ និងកម្លាំងសមត្ថកិច្ច បន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ការពង្រឹងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសការបង្ក្រាបក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ និងបន្តយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅ ការបង្កបង្កើនផលរបស់ប្រជាជន, ការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាជន និងការផ្តល់នូវយុត្តិធម៌សង្គម ពិសេសការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។

ចំពោះការងារគណបក្ស លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារ គណបក្សឃុំ និងសាខាបក្សភូមិពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំង របៀបរបបការងារ និងមានសាមគ្គី ឯកភាពផ្ទៃក្នុងបក្សរឹងមាំ, បន្តពង្រឹង និងពង្រីកសមាជិកបក្ស ដោយខិតខំកសាងឱ្យបាន ៨០% ធៀបនឹងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅ ឆ្នាំ២០២៥ នេះ និងត្រូវមានផែនការបញ្ចូលសមាជិកបក្សថ្មីប្រចាំខែ ដោយផ្តោតសំខាន់លើយុវជន។

លោកបណ្ឌិតក៏បានណែនាំឱ្យបន្តក្តាប់ជាប់នូវសភាពការណ៍កើតឡើងនៅមូលដ្ឋាន ការងារសតិអារម្មណ៍នយោបាយ និងការគ្រប់គ្រងសាធារណៈមតិ និងពង្រឹងការងារយុវជន ពិសេសយកចិត្តទុកដាក់ដល់យុវជនសកម្ម មានសមត្ថភាព មានឆន្ទៈ និងគោលជំហរច្បាស់លាស់ សម្រាប់គោលដៅអ្នកបន្តវេន និងពិនិត្យជ្រើសរើសជាបេក្ខភាពក្រុមប្រឹក្សាឃុំ សម្រាប់ការបោះឆ្នោតខាងមុខ។

លោកបណ្ឌិត ថោង ខុន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារ និងគណបក្សឃុំពង្រ ដែលបានរួមសហការបានយ៉ាងល្អក្នុងការគ្រប់គ្រងសមាជិកបក្ស និងអភិវឌ្ឍន៍ភូមិ ឃុំបានយ៉ាងល្អ ហើយក៏បានណែនាំឲ្យក្រុមការងារ និងមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់បន្តធ្វើអំពើល្អ និងចុះជាប់នៅមូលដ្ឋានឃុំ ភូមិ ក្រុម ខ្នងផ្ទះ គ្រួសារបក្ស និងសមាជិកបក្ស ដើម្បីសួរសុខទុក្ខ បង្កើនភាពស្និទ្ធស្នាល និងពិនិត្យដោះស្រាយសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ។

គួកត់សំគាល់ដែរថា នៅក្នុងមូលដ្ឋានឃុំពង្រ ព្រះចៅអធិការវត្តគុហនគរ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងវប្បធម៌នៅមូលដ្ឋានឃុំពង្រ ដោយបានស្ថាបនា ផ្លូវបេតុង ក្នុងភូមិបានប្រវែងជាង ២គីឡូម៉ែត្រ, ផ្លូវក្រូសក្រហមជាង ៥គីឡូម៉ែត្រ, តម្លើងអំពូលសូឡាតាមដងផ្លូវបាន ២០៩ដើម, ដាំដើមក្ងោកបាន ៣៨៥ដើម និងបានចូលរួមចំណែកក្នុងការថែរក្សា និងគ្រប់គ្រងប្រាសាទបូរាណគុហនគរបានយ៉ាងល្អ ដែលទាក់ទាញបានទេសចរក្នុងស្រុក និង បរទេសជាប្រចាំ។ លោកបណ្ឌិត ថោង ខុន ក៏បានផ្តល់យោបល់ គួររៀបចំផ្សព្វផ្សាយវត្តនេះ ជាវត្តទេសចរគំរូផងដែរ៕