(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ គណបក្សប្រជាជន​កម្ពុជានៅឃុំទ្រៀល ស្រុកតាំងគោក ខេត្ត​កំពង់​ធំ បានរៀបចំពិធីប្រកាស​បញ្ចូលសមាជិកថ្មីចំនួន ១១១នាក់ ស្រី ៥៩នាក់។ ពិធីនេះប្រព្រឹត្តទៅ​នៅ​ទីស្នាក់គណបក្ស ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោម​អធិបតី​ភាព​លោក ប៉ិច សុខា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រៀល។

ក្នុងពិធីនោះ លោក ប៉ិច សុខា បានថ្លែងនាំនូវការសួរសុខទុក្ខ និងការ​ផ្ញើ​ក្ដីរលឹកពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណ​បក្ស​ប្រជាជនកម្ពុជា, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សមាជិក​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា​ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពងធំ និងទេសរដ្ឋមន្ត្រី ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការ​ងារ​គណបក្សចុះមូលដ្ឋានស្រុកតាំងគោក និងលោក ឈាង វណ្ណារិទ្ធ សមាជិក​គណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្ស​ចុះមូល​ដ្ឋាន ស្រុកតាំងគោក។

លោក ប៉ិច សុខា បានជម្រាបអង្គប្រជុំអំពីថ្ងៃកំណើតរបស់គណ​បក្សប្រជា​ជន​កម្ពុជា តាំងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលមានឈ្មោះដើមថា «បក្ស​ប្រជាជនបដិវត្តន៍ខ្មែរ» ដែលមានអាយុកាលជាង៧៤ឆ្នាំហើយ។ ចាប់​ពីពេលបដិសន្ធិមក គណបក្សប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិន​ប្រកាន់​ឋានៈជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារ មាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាព សង្គម។

លោកបន្តថា គណបក្សបានផ្សារភ្ជាប់ជាមួយប្រជាជន រួមសុខ រួមទុក្ខជា​មួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិ​កម្ម​ឥតរួញរា ដើម្បីសម្រេចនូវគោលបំណងដ៏ឧត្តុង្គឧត្តមនេះ។

លោក ប៉ិច សុខា បានគូសរំលេចទៀតថា ចាប់តាំងពីថ្ងៃរំដោះ៧មករា​១៩៧៩ រហូតដល់បច្ចុប្បន្ន គឺឆ្លងកាត់រយៈពេលជាង៤៦ឆ្នាំ នៃការតស៊ូស​ង្គ្រោះជាតិ ការស្តារ កសាង និងការពារ មាតុភូមិ គណបក្សដកស្រង់បាន​បណ្តាមេរៀនជាប្រវត្តិសាស្ត្រ ដែលមានសារៈសំខាន់បំផុតសម្រាប់​អនាគត​របស់ជាតិ មាតុភូមិ ដូចខាងក្រោម៖
ទី១៖ ការដឹកនាំខាងនយោបាយបានត្រឹមត្រូវ គឺជាកត្តាចម្បង​នៃជ័យ​ជម្នះ​របស់ប្រជាជាតិ
ទី២៖ ប្រជាជនជាកត្តាសម្រេចនៃជ័យជម្នះក្នុងការតស៊ូរំដោះជាតិ ក៏ដូច​ក្នុង​ការកសាង និងការពារប្រទេស និងជាមូលដ្ឋានគ្រឹះសម្រាប់​ទ្រទ្រង់​ដល់​ការដឹកនាំនយោបាយក្នុងសង្គមជាតិ
ទី៣៖ សាមគ្គីភាពជាកត្តាស្លាប់រស់របស់ជាតិ មានសាមគ្គីភាពទើប​ជាតិ​ឈ្នះ បើបែកបាក់សាមគ្គីភាព គឺមានតែបរាជ័យប៉ុណ្ណោះ
ទី៤៖ សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន​សម្រាប់​ការ​អភិវឌ្ឍ។ គណបក្សដែលជាស្ថាបនិកនៃសន្តិភាព ជាអ្នកជ្រោងទង់​អភិ​វឌ្ឍន៍ គណបក្សយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព និងស្ថិរភាព ប្រកាន់​ជំហរដាច់ខាតក្នុងការថែរក្សាសន្តិភាព ស្ថិរភាពឲ្យបានរឹងមាំ ស្ថិតស្ថេរ ទោះ​បីជាត្រូវបង់ដោយតម្លៃណាក្តី
ទី៥៖ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព យើងត្រូវតែលើកកម្ពស់​មន​សិការ និងការភ្ញាក់រឭក ប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណ​ភាព ទឹកដីឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស ដោយមិនរាថយចំពោះ​មុខការ​រំលោភ​បំពានណាពីខាងក្រៅ
ទី៦៖ នៅគ្រប់កាលៈទេសៈ គណបក្សប្រជាជនត្រូវប្រកាន់ខ្ជាប់នូវ ជំហរ​ជា​អ្នកធ្វើ ជាម្ចាស់របស់ប្រទេសជាតិខ្លួន មានជំនឿលើកម្លាំង និងការប្រឹង​ប្រែង​របស់ខ្លួន
ទី៧៖ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ​ជាមួយ​ប្រទេសជិតខាងភូមិផងរបងជាមួយ ក៏ដូចជាមួយបណ្តាប្រទេស​លើពិភព​លោក ដោយមិនប្រកាន់របបនយោបាយជាកត្តាសំខាន់មិនអាចខ្វះបាន ដោយឈរលើមូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍អព្យាក្រឹត សន្តិសហវិជ្ជ​មាន និងមិនចូលបក្សសម្ព័ន្ធ និងលើមូលដ្ឋានការគោរពឯករាជ្យ អធិប​តេយ្យ បូរណភាព ទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍​ទៅវិញ​ទៅមក ដើម្បីធានាដល់ការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពរបស់ជាតិ។

លោក ប៉ិច សុខា ក៏បានលើកឡើងនូវមាត្រាមួយចំនួននៃលក្ខន្តិកៈ បទ​បញ្ជា​ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ជម្រាបជូនដល់សមាជិកថ្មី និងអង្គពិធីទាំងមូល ដើម្បីសិក្សាស្វែងយល់ឱ្យបានច្បាស់។

លោក ប៉ិច សុខា បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា បាន​ការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលបាន​ធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើន សំដៅឆ្ពោះទៅសម្រេចបានគោល​ដៅជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងសម្រេច​ចក្ខុ​វិស័យ​ជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០៕