(ក្រចេះ)៖ ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល អាយុប្រមាណ ២ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១០ និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាល ផ្សេងទៀត។
គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៧ក្បាល ក្នុងនោះ៥ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១១ក្បាល។
ដើម្បីគាំទ្រដល់ការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ រដ្ឋបាលជលផល និងអង្គការ WWF កំពុងបន្តធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ប្រជាសហគមន៍ និងដៃគូដទៃទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល និងបម្រាមនៃការប្រើប្រាស់មង នេសាទក្នុងទីជម្រករបស់សត្វផ្សោត និងបន្តផ្តល់នូវជម្រើសមុខរបរសម្រាប់ការចិញ្ចឹមជីវិតដល់ប្រជាសហគមន៍ដែលរស់នៅ តាមដងទន្លេមេគង្គ បន្តការអប់រំបរិស្ថាននិងការផ្សព្វផ្សាយនៅសហគមន៍មូលដ្ឋាន ព្រមទាំងបន្តការស្រាវជ្រាវនិងតាមដាន ស្ថានភាពនិងចំនួនសត្វផ្សោត។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ជាសេនាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេទាំង៧២រូប នៅខេត្តស្ទឹងត្រែងនិងក្រចេះ ក្នុងបុព្វហេតុអភិរក្សសត្វផ្សោតទន្លេមេគង្គ ហើយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគាំទ្រការងាររបស់បងប្អូនឆ្មាំទន្លេយើង។
ក្រសួងក៏បានអរគុណផងដែរ ចំពោះអង្គការដៃគូ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។
ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕