(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមពាក្យស្លោក ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ «ប៉ា ម៉ានី» ក្រុមការងារសម្របសម្រួលការងារវិស័យសុខាភិបាលខេត្តកំពង់ស្ពឺរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ និងសហការី បានចុះសួរសុខទុក្ខអ្នកគ្រូពេទ្យ និន សោភា អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិតាដែងថ្មី ឃុំពោធិម្រាល ស្រុកបសេដ្ឋ និងកំពុងបម្រើការងារនៅមណ្ឌលសុខភាពពោធិចំរើន ឃុំពោចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលទើបបានសម្រាលបុត្រីដ៏ស្រស់ស្អាតឈ្មោះ ភឿន ប៊ែលឡា និងកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋានក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោកបណ្ឌិត ហេង សុខគង់ បាននូវការសាកសួរសុខទុក្ខ និងការអបអរសាទរមកជូនអ្នកគ្រូពេទ្យ ព្រមទាំងក្រុមគ្រួសារ។ ក្រុមការងារ ប៉ា ម៉ានី ក៏បាននាំយកមកនូវវត្ថុអនុស្សាវរីយ៍ជាឃិតទារកដ៏ស្រស់ស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មកជូនដល់បុត្រីរបស់អ្នកគ្រូពេទ្យ និងសូមជូនពរឲ្យទារិកាចម្រើនវ័យដោយមានសុខភាពល្អបរិបូណ៌ ប្រកបដោយគន្លងធម៌ និងមានអនាគតល្អរុងរឿង៕