(ភ្នំពេញ)៖ តាមការគ្រោងទុក នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សពកងទ័ពមួកខៀវកម្ពុជាចំនួន ២រូប គឺសព ដួង ម៉ាហ្គាលី និងសពលោក ផាត មុន្នី ដែលបានពលីអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៅសាធារណរដ្ឋស៊ូដង់ខាងត្បូងនឹងដឹកត្រូវមកដល់មាតុភូមិវិញ តាមជើងហោះហើរដែលរៀបចំដោយអង្គការសហប្រជាជាតិ។ នេះបើតាមមន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News មុននេះបន្តិច។
គួរឱ្យដឹងថា សពយោធិនមួកខៀវកម្ពុជាទាំង២រូប បានពលី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅម៉ាឡាកាល់ ប្រទេសស៊ូដង់ខាងត្បួង ត្រូវបានបញ្ជូនតាមយន្តហោះ UN ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិជូបា ដើម្បីបញ្ជូនបន្ត មកកាន់ប្រទេសកម្ពុជាវិញ។
គិតមកដល់ឆ្នាំ២០២៥នេះ កងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន១៣រូប ខណៈអ្នកធ្លាប់រងរបួសមាន ១៦រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ។ ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងទ័ពខៀវ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង ៨ពាន់នាក់ នៅប្រទេសចំនួន៩រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។
បន្ទាប់ពីទទួលបានដំណឹងពលីរបស់កងទ័ពកម្ពុជាទាំង២រូប នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិ បានចេញសាររំលែកនូវមរណទក្ខ ដោយបានរៀបរាប់ថា៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់យោធិនចំនួន ០២រូប ដែលបានពលីក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង»។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា នេះជាការបាត់បង់យោធិនដ៏ឆ្នើមពីររូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ចូលរួមថែក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ យោធិនទាំងពីររូប សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕