(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេរភូមិន្ទ បានថ្លែងបញ្ជាក់ថា ការធ្វើសមយុទ្ធដើម្បីកិច្ចការពារជាតិគឺជារឿងចាំបាច់ ដែលយើងត្រូវធ្វើទាំងនៅលើដែនគោក ដែនទឹក និងដែនអាកាស សំដៅធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់កងទ័ព និងត្រៀមឱ្យបានរួចរាល់ ដើម្បីបង្កើននូវការការពារបូរណភាពទឹកដី។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងយ៉ាងដូចនេះ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងបិទសមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជម្រិតនាវាដឹកទំនិញ» ធ្វើឡើងនៅខេត្តព្រះសីហនុ។
នាយឧត្តមសេនីយបានថ្លែងដូចនេះថា «កិច្ចការងារការពារជាតិ គឺធ្វើទាំងនោះលើដែនគោក ដែនទឹក ដែនអាកាស អីចឹងហើយនៅលើដែនសមុទ្រក៏មានសារសំខាន់ នៅលើដែនគោកក៏មានសារសំខាន់ វាសំខាន់ទាំងអស់ កាលមុនៗយើងបានធ្វើនៅដីគោក ឥឡូវយើងបានពង្រីកនៅលើលំហរសមុទ្រ អីចឹងដែនសមុទ្រក៏មានសារសំខាន់ដែរ ដើម្បីការពារបូរណភាពទឹកដី និងដើម្បីបង្កើននូវការ ការពារបូរណភាពទឹកដីរបស់យើង»។
ពាក់ព័ន្ធជាមួយនឹងការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥នេះ ដោយមានការសហការរវាងកងទ័ពកម្ពុជា-ចិន នៅលើដែនទឹកនេះ នាយឧត្តមសេនីយ ឥត សារ៉ាត់ បានបញ្ជាក់ថា ក្នុងកំឡុងពេលធ្វើសមយុទ្ធ សម្រាប់កងទ័ពជើងទឹក និងជើងអាកាសនៅសមុទ្ររបស់កម្ពុជានេះ មានខ្លឹមសារសំខាន់ៗជាច្រើនពាក់ព័ន្ធការធ្វើដំណើររបស់នាវានៅគ្រប់រូបភាព ដូចជា៖ ក្នុងរូបភាពបណ្តោយ, រូបភាពទទឹង, រូបភាពត្បូងពេជ្រ, រូបភាពបាញ់គ្រាប់ពិត រូបភាពទៅសង្គ្រោះចំណាត់ខ្មាំង ការរំដោះអ្នកទោស និងការសង្គ្រោះជនរងគ្រោះដែលគ្រោះថ្នាក់ជាដើម។
បន្ថែមពីនេះ នាយឧត្តមសេនីយ ឥត សារ៉ាត់ ក៏បានវាយតម្លៃខ្ពស់នូវភាពជោគជ័យនៃការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥នេះ ដោយភាគីកងទ័ពកម្ពុជា- ចិន បានសហការគ្នា និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា ទៅវិញទៅមក ពីរបៀបដឹកនាំបញ្ជានាវាគ្រប់ស្ថានភាព ហើយកម្ពុជា ក៏បានរៀនសូត្រ និងដកពិសោធន៍នូវបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាប្រព័ន្ធរ៉ាដា ដើម្បីកំណត់គោលដៅផងដែរ។
នាយឧត្តមសេនីយ ឥត សារ៉ាត់ ក៏បានវាយតម្លៃខ្ពស់ចំពោះកងទ័ពទាំង២ ជាពិសេសនាយនាវី នាយនាវីរង និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នា ក្នុងការធ្វើសមយុទ្ធ បានសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុកផងដែរ៕