(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី Nellie GUSAYNI ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្ដើម អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រី Nellie GUSAYNI និងសហការី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃមកជួបពិភាក្សាការងារ នាពេលលោកស្រីចាប់ផ្តើម បេសកកម្មនៅកម្ពុជាថ្មីៗនេះ។
អភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រី និងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងមហាផ្ទៃកម្ពុជា និងអង្គការ IOM ព្រមទាំងការជួយគាំទ្រដល់ ប្រទេសកម្ពុជា ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនួយសម្ភារៈបច្ចេកទេស ជាបន្តបន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។
នៅក្នុងជំនួបពិភាក្សា ក្នុងនាមរាជរដ្ឋាភិបាល អភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះ អង្គការ IOM ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា រហូតបានទទួលស្គាល់ជាប្រទេសជ័យលាភីក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM) នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការបន្តគាំទ្រឱ្យមានកិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់ ក្នុងនាមជាប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM និងការគាំទ្រឱ្យកម្ពុជាធ្វើជាសហប្រធានជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ ពាក់ព័ន្ធទេសន្តរប្រវេសន៍ក្នុងតំបន់ និងដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសជ័យលាភីក្នុងតំបន់ថែមទៀត។
ជាការឆ្លើយតប លោកស្រី Nellie GUSAYNI ប្រធានបេសកកម្មនៃអង្គការ IOM ប្រចាំកម្ពុជា បានថ្លែងថា ក្នុងនាមជាពលរដ្ឋលីបង់ លោកស្រីដឹង និងយល់អំពីទុក្ខលំបាករបស់ប្រទេសដែលមានសង្គ្រាមស៊ីវិល ព្រមទាំងបញ្ហាជាច្រើនដែលត្រូវការពេលវេលា ដើម្បីដោះស្រាយ ហើយលោកស្រីបានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាកន្លងមក។
លោកស្រី Nellie GUSAYNI បានបន្តថា លោកស្រីក៏បានទទួលស្គាល់ថាបញ្ហាជួញដូរមនុស្ស មានវិសាលភាពធំធេង ជាការគំរាមកំហែងពិភពលោក មិនមែនតែប្រទេសកម្ពុជាតែមួយគត់ឡើយ ហើយមិនមែនរាជរដ្ឋាភិបាល របស់ប្រទេសមិនអាចដោះស្រាយបញ្ហានេះតែឯកឯងទេ គឺត្រូវតែមានការគាំទ្រពីអង្គការបរទេសដូចគ្នា។
លោកស្រី Nellie GUSAYNI សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត។ លោកស្រីក៏បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។
ក្នុងជំនួបនេះផងដែរ អភិសន្តិបណ្ឌិត និងលោកស្រី Nellie GUSAYNI បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងសង្ឃឹមយ៉ាងម៉ុតមាំថាកិច្ចសហការដ៏ស្អិតល្មួតរវាងអង្គការ IOM និងរាជរដ្ឋាភិបាលកម្ពុជានឹងបន្តទៅមុខទៀត៕