(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សន្ទកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតនៃអាស៊ី» ដែលរៀបចំដោយ Nikkei Inc. នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នឹងធ្វើឱ្យពិភពលោកស្គាល់ពីកម្ពុជាកាន់តែច្បាស់។ លោកបណ្ឌិត បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោកបណ្ឌិតបានបញ្ជាក់ថា កន្លងមកប្រទេសកម្ពុជា តែងតែទទួលរងនូវការមួលបង្កាច់បង្ខូចឈ្មោះ ពីសំណាក់ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ដែលនាំឱ្យពិភពលោកមានភាពស្រពេចស្រពិល អំពីការពិតរបស់កម្ពុជា។ លោកបណ្ឌិតជឿជាក់ថា ដោយសារតែមានការទទួលស្គាល់ពីសមត្ថភាពនៃការដឹកនាំរបស់សម្ដេចពីថ្នាក់ដឹកនាំនៃប្រទេសជប៉ុន ទើបបានជាគេអញ្ចើញសម្ដេចចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិការដ៏សំខាន់មួយនេះ។

សូមជម្រាបថា សន្និសីទ Nikkei Future of Asia Conference បានរៀបចំឡើងជារៀងរាល់ឆ្នាំដោយ Nikkei Inc. ចាប់តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ដើម្បីជាវេទិកាសំខាន់មួយសម្រាប់អ្នកដឹកនាំផ្នែកនយោបាយ, សេដ្ឋកិច្ច និងការសិក្សាមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុងការពិភាក្សាបើកចំហលើបញ្ហាក្នុងតំបន់ និងតួនាទីរបស់អាស៊ីក្នុងបរិបទពិភពលោក។ សន្និសីទនេះ តែងប្រមូលផ្តុំមេដឹកនាំនយោបាយ, សេដ្ឋកិច្ច Academy ដើម្បីពិភាក្សាបញ្ហាតំបន់ និងតួនាទីអាស៊ីនៅក្នុងពិភពលោក។

សន្និសីទ Nikkei Future of Asia Conference លើកទី៣០ សម្រាប់ឆ្នាំ២០២៥នេះ មេដឹកនាំគន្លឹះសំខាន់ៗដែលនឹងត្រូវបង្ហាញមុខលើវេទិកានេះ មានយ៉ាងហោចជាង១០នាក់ ក្នុងនោះក៏រួមមានទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ដែលនឹងបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី២៨ដល់៣១ ខែឧសភា តបតាមការអញ្ជើញរបស់លោក Shigeru Ishiba នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖