(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានថ្លែងបញ្ជាក់ថា បេក្ខជនចំនួន ៦នាក់ បានប្រឡងជាប់ស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី។

ការបញ្ជាក់យ៉ាងដូច្នេះរបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើឡើងក្នុងឱកាសអញ្ជើញ ចុះហត្ថលេខាលើលទ្ធផលជាប់ស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការនានា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកសង្កេតការណ៍។

ដំណើរការប្រឡងមន្រ្តីច្បាប់ចំនួន ២លើកនេះ ប្រើពេល១ថ្ងៃប៉ុណ្ណោះ សម្រាប់កែសន្លឹកកិច្ចការ បូកពិន្ទុ និងប្រកាសលទ្ធផល ខណៈដែល​ក្របខណ្ឌនេះ​ គឺ​ត្រូវជ្រើសរើស​មន្ត្រី​ច្បាប់​ចំនួន​ ១៥នាក់ ​ប៉ុន្តែ​បេក្ខជន​ដែលមាន​ពិន្ទុ​គ្រប់មានតែ​ ៦នាក់ប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសង្កត់ធ្ងន់ផងដែរថា បើទោះបីជាមានបេក្ខជនចូលរួមប្រឡងតិច និងដំណើរការកែលឿនយ៉ាងណាក៏ដោយ សុក្រឹត្យភាពគឺនៅតែធានាបានជាប់ជានិច្ច ខណៈដែលបេក្ខជនមានពេល១សប្តាហ៏ក្រោយការប្រកាសលទ្ធ ដើម្បីស្នើរសុំមើលសន្លឹកកិច្ចការ និងពិន្ទុរបស់ខ្លួន។

សូមបញ្ចាក់ថា បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌ ទៅកាន់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរសព្ទ ០៨៦ ៣២៩ ៦៧៧, ០១២ ៩៩០ ៦៥៥៕