(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាផ្ដួចផ្ដើមគំនិត សហការជាមួយសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប និងក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ១០ស្ថាប័ន ធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» នៅលើទឹកដីអង្គរ ខេត្តសៀមរាប រយៈពេល៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់៣០ ឧសភា។

គួរបញ្ជាក់ថា អ្នកសារព័ត៌មានចូលរួមដំណើរទស្សនកិច្ចនេះ រួមមានជា ភាសាខ្មែរ អង់គ្លេស បារាំង និងចិន។ ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្រុមអ្នកសារព័ត៌មាន នឹងជួបជាមួយមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា តំណាងក្លិបទេសចរណ៍ខេត្តសៀមរាប វិស័យឯកជន និងទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិ។

គោលបំណងនៃដំណើរទស្សនៈកិច្ចនេះ ដើម្បីសិក្សាពី តួនាទីភារកិច្ច និងសមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា រយៈពេល៣០ឆ្នាំ, ទស្សនាផែនការអភិវឌ្ឍន៍ទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ, កិច្ចការងារអភិរក្ស និងជួសជុលថែទាំប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ, ផែនការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រុងអង្គរធំ។

បន្ថែមពីនេះ អ្នកសារព័ត៌មាននឹងទៅស្វែងយល់អំពី អត្ថន័យ រចនាបថផ្ទះឈើខ្មែរ និងម្ហូបខ្មែរ, ការងារអប់រំបេតិកភណ្ឌ និងសិប្បកម្មក្នុងតំបន់រមណីយដ្ឋានអង្គរ, ប្រព័ន្ធធារាសាស្រ្ត-កសិកម្មសម័យអង្គរ និងសារសំខាន់នៃព្រៃឈើដូនតា (ការពារប្រាសាទ និងជាថ្នាំបុរាណ), និង ទស្សនាសត្វព្រៃជាច្រើនប្រភេទ នៅ Angkor Wildlife & Aquarium៕