(ភ្នំពេញ)៖ អង្គការអភិរក្សអន្តរជាតិ កម្ពុជា (អង្គការ CI) សហការជាមួយក្រសួងបរិស្ថាន និង UNDP រៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង «ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ និងការរៀបចំរបាយការណ៍ជាតិលើកទី៧» កាលពីពេលថ្មីៗនេះ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពី អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រុមការងារបច្ចេកទេសជីវៈចម្រុះ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដៃគូអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន អ្នកស្រាវជ្រាវ គ្រឹះស្ថានអប់រំ និងអ្នកជំនាញពាក់ព័ន្ធសរុប ៦៨នាក់ (ស្រ្តី ១៦នាក់) ។
លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការ CI បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ CI ក្នុងការចូលរួមអភិរក្សជីវៈចម្រុះនៅប្រទេសកម្ពុជា និងបង្ហាញពីការគាំទ្រការធ្វើបច្ចុប្បន្នភាពរបស់យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះនេះដើម្បីឲ្យស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ ដែលវាគឺជាឱកាសដ៏មានសារៈសំខាន់ និងជាការវិនិយោគដ៏ត្រឹមត្រូវ ដើម្បីធានាឱ្យមានការអភិរក្ស ការស្តារឡើងវិញ និងការគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពសម្រាប់សង្គមមួយដែលពឹងអាស្រ័យលើធនធានធម្មជាតិ។
លោក អ៊ុំ សូនី បានគូសបញ្ជាក់ថា៖ «ធម្មជាតិមិនត្រឹមតែជាធនធានដែលមានតម្លៃមហាសាលប៉ុណ្ណោះទេ តែវាក៏ជាមូលដ្ឋានគ្រឹះនៃសុខុមាលភាព និងសេដ្ឋកិច្ចរបស់មនុស្សជាតិដែរ។ ជាសក្ខី ការសិក្សាស្រាវជ្រាវជាសាកលមួយដែលចេញផ្សាយដោយអង្គការអភិរក្សអន្តរជាតិបង្ហាញថា ការការពារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរអាចការពារការបំភាយកាបូនប្រមាណ ១.២ពាន់លានតោន (ដែលអាចមានតម្លៃជាង ២០០ពាន់លានដុល្លារអាមេរិក នៃថវិកាស្តារការខូចខាតជាសាកលទាក់ទងនឹងបញ្ហាអាកាសធាតុ)។ លទ្ធភាពនៃការសិក្សាស្រាវជ្រាវនេះ សបញ្ជាក់ថាការការពារធនធានធម្មជាតិមិនត្រឹមតែល្អសម្រាប់ភពផែនដីប៉ុណ្ណោះទេ តែក៏ជាដំណោះស្រាយសេដ្ឋកិច្ចដ៏ប្រសើរមួយសម្រាប់មនុស្សជាតិដែរ។ ជីវៈចម្រុះគឺជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកសាងអនាគតដ៏រឹងមាំប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា និងពិភពលោក»។
សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា ក៏ដូចជាសកលលោក ព្រោះវាជាឱកាសសម្រាប់ភាគីពាក់ព័ន្ធឆ្លុះបញ្ចាំង កែលម្អ និងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនូវផែនការយុទ្ធសាស្រ្ត និងសកម្មភាពជីវៈចម្រុះជាតិ (NBSAP) ដោយអនុលោមតាមក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីន ម៉ុនរ៉េអាល់ នៃអនុសញ្ញសហប្រជាជាតិស្តីពីជីវៈចម្រុះ៕