(តូក្យូ)៖ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីជាមួយលោក KOBAYASHI Hiroyuki អនុប្រធានទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងលទ្ធភាពក្នុងការអភិវឌ្ឍ​ជំនាញ​ដល់កម្មសិក្សាការីកម្ពុជា ដែលមានបំណងចង់ធ្វើការនៅប្រទេសជប៉ុននាពេលអនាគត។

ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានធ្វើឡើង​នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុង​ប្រទេសជប៉ុន បានរំលេចនូវលទ្ធផល​ពិភាក្សាសំខាន់ៗ៣ចំណុច រួមមាន៖ ទី១៖ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យ TVET ទី២៖ គម្រោងវេទិកាជប៉ុនសម្រាប់ពលករទេសអន្ដរប្រវេសន៍ឆ្ពោះ ទៅសង្គមប្រកបដោយបរិយាបន្ន និងទំនួលខុសត្រូវ (Japan Platform for Migrant Workers toward Responsible and Inclusive Society ហៅកាត់ JP-MIRAI) និងទី៣៖ គំរូខេត្តណាហ្កាណុ ព័ត៌មាន និងការអភិវឌ្ឍសមត្ថភាព។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានថ្លែង​អំណរគុណចំពោះការគាំទ្ររបស់ JICA ដែលបានបន្តគាំទ្រ​យ៉ាងសកម្មចំពោះវិស័យ TVET នៅកម្ពុជា។ ទន្ទឹមនេះ លោកក៏បាន ស្នើសុំការគាំទ្របន្ថែមក្នុងការធ្វើឱ្យទំនើបនូវឧបករណ៍បណ្តុះបណ្តាល និងការបង្កើនសមត្ថភាពគ្រូបង្រៀនជំនាញ ជាពិសេសវិស័យអេឡិចត្រូនិក រថយន្ត និងថាមពលដើមថ្មី។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានឯកភាព​លើសារ:សំខាន់នៃគម្រោង JP-MIRAI ដែលជួយការពារសិទ្ធិ និងសុខុមាលភាព​របស់កម្មសិក្សាការីកម្ពុជា។ លោករដ្ឋមន្ត្រី​បានស្វាគមន៍ការពង្រីកគំរូកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងខេត្តណាហ្កាណុ នៃប្រទេសជប៉ុន ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញ​ក្រោយ​កម្មសិក្សាការីចប់អាណត្ដិការងារពីប្រទេសជប៉ុន។

លោករដ្ឋមន្ត្រី ហេង សួរ ក៏បានស្នើដល់ទីភ្នាក់ងារ JICA ជួយគាំទ្រលើការបង្កើតមាតិកាផ្សព្វផ្សាយដែលសាមញ្ញនិងងាយស្រួលដូចជា វីដេអូ ឯកសារ ឬសៀវភៅសង្ខេប ដែលផ្តល់ព័ត៌មានអំពីសិទ្ធិ តួនាទី និងមធ្យោបាយទទួលជំនួយសម្រាប់កម្មសិក្សាការីកម្ពុជាដែលចង់ធ្វើការនៅប្រទេសជប៉ុន។

ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី ហេង សួរ និងលោកអនុប្រធាន KOBAYASHI Hiroyuki ថែមទាំងបានលើកឡើងពីកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលនានាដែលភាគីទាំងពីរ សម្រេចបានក្នុងរយៈពេល៦០ឆ្នាំកន្លងមក និងសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងស្អិតល្មួតជាងនេះ ដើម្បីភាពកាន់តែ​ប្រសើរ​ឡើងនៃជីវភាពរស់នៅ និងការរីកចម្រើន​របស់​ប្រជាជននៃប្រទេសទាំងពីរ ពិសេសលើវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕