(ប៉េកាំង-ចិន)៖ សិក្ខាសាលាបោះជំរុំកម្មករកម្ពុជា-ចិន ក្រោមប្រធានបទ «ជំរុញកិច្ចសហការគ្រប់ជ្រោយ និងការកសាងសមត្ថភាពសហជីពនៃប្រទេសទាំងពីរ» បានបើកជាផ្លូវការនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នាទីក្រុងប៉េកាំង ប្រទេសចិន ក្រោមអធិបតីភាព លោក សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដាលបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តយស សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងលោក វៃ ទីឈុន (Wei Dichun) អនុប្រធានសហព័ន្ធសហជីពទូទាំងប្រទេសចិន (ACFTU)។
វគ្គសិក្ខាសាលាបោះជំរុំកម្មករកម្ពុជា-ចិន នាពេលនេះ កើតឡើងស្របពេលគម្រប់ខួប១០០ឆ្នាំ នៃការបង្កើតសហព័ន្ធសហជីពទូទាំងប្រទេសចិន (ACFTU) នៅឆ្នាំ១៩២៥-២០២៥ ជាព្រឹត្តការដ៍សំខាន់នេះគូសបញ្ជាក់ពីឧត្ដមភាព នៃទំនាក់ទំនងរបស់អង្គការសង្គមស៊ីវិល ជាពិសេសសហជីពនៃប្រទេសទាំងពីរ ដែលធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបតិការរវាងគ្នា សហជីពចិន និងកម្ពុជា កាន់តែស៊ីជម្រៅ។
ក្នុងឱកាសនោះ លោក សោម អូន បានថ្លែងថា វគ្គសិក្ខាសាលា និងដំណើរទស្សនកិច្ចរយៈពេល១សប្តាហ៍នេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ ការកសាងសហគមន៍កម្ពុជា-ចិនគ្រប់រដូវកាល ជាមួយនឹងអនាគតរួមគ្នា ក្នុងយុគសម័យថ្មី ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍរួមរបស់កម្មករ និងការកសាងសមត្ថភាពរបស់សហជីព និងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងស្វែងយល់ពីប្រពៃណី វប្បធម៌ សេដ្ឋកិច្ចសង្គម វាងសហជីព និង ប្រជាជននៃប្រទេសទាំងពីរ។
លោកបានបញ្ជាក់ថា ទំនាក់ទំនងរវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ជាមួយសហព័ន្ធសហជីពទូទាំងប្រទេសចិន (ACFTU-CWCIE) គឺបានភ្ជាប់ទំនាក់ទំនងទាំងពី ពាក់កណ្តាលឆ្នាំ២០១១ រហូតឈានដល់ការចុះអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការ (MoC) បន្ទាប់ពីការធ្វើទស្សនកិច្ចជាផ្លូវការ របស់លោកអគ្គលេខាធិការ CWCIE កាលឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។
លោក សោម អូន បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនង NACC និង ACFTU គឺជាទំនាក់ទំនង ដែលបានកើតឡើងតាមរយៈកម្មវិធីខ្សែក្រវាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជីនពីង ដើម្បីពង្រីកកិច្ចទំនាក់ទំនងអន្តរជាតិរវាងរដ្ឋាភិបាល ជាមួយរដ្ឋាភិបាល និងរវាងប្រជាជនជាមួយប្រជាជនតាមរយ:អង្គការសហជីព និងអង្គការសង្គមស៊ីវិល។
លោក Wei Dichun អនុប្រធានសហព័ន្ធសហជីពទូទាំងប្រទេសចិន (ACFTU) បានសម្ដែងសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងរួមគ្នា ពួតដៃគ្នា ជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដើម្បីឈានទៅការកសាងវាសនារួម សហគមន៍តែមួយ ជាពិសេសលោកបានស្នើសុំដល់សហីពប្រទេសទាំងពីរ ដែលមានសារសំខាន់ចំនួន៣ចំណុច៖
*ទី១៖ កម្មករ សហជីព សង្គមស៊ីវិលមកពីគ្រប់ស្ថានប័ននៃប្រទេសទាំង២ ចិន-កម្ពុជា បន្តរិតចំណងកិច្ចសហប្រតិការបន្ថែមទៀត ដើម្បីធ្វើការផ្លាស់ប្ដូរកាន់តែស៊ីជម្រៅ ជំរុញការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក រួមគ្នាផ្សព្វផ្សាយពីសមិទ្ធផលនៃមិត្តភាពដែកថែប ចិន-កម្ពុជា
*ទី២៖ ជូនពរវគ្គនេះ ទទួលបាននូវលទ្ឋផលជាផ្លែផ្លែផ្កាជាក់ស្ដែង ដោយភាគីចិនបានរៀបចំឲ្យប្រតិភូកម្ពុជាទៅទស្សនកិច្ចខេត្តជើជាំង ដើម្បីដកពិសោធន៍ពីការងារសហជីព នៃប្រទេសចិន ព្រមទាំងទស្សនាជាក់ស្ដែង នៅក្រុមហ៊ុនវាយនភ័ណ្ឌ និងក្រុមហ៊ុនផលិតរថយន្ត ដែលសុទ្ធសឹងប្រើបច្ចេកទេសឈានមុខ ដើម្បីទទួលចំណេះដឹងនិងបទពិសោធន៍កាន់តែសម្បូរបែប
*ទី៣៖ ជូនពរសហជីពទាំង២ នឹងបើកកិច្ចទំព័រថ្មី ការផ្លាស់ប្ដូរកម្មករទាំងពីរលើជំហរ នវានុវត្ត។
សូមជម្រាបថា នៅក្នុងវគ្គសិក្ខាសាលាបោះជំរុំកម្មករកម្ពុជា-ចិនថ្ងៃនាពេលនេះ គឺមានប្រធានបទពាក់ព័ន្ធការសិក្សាស្រាវជ្រាវពីការគ្រប់គ្រងនិង តួនាទីសហជីពនៅក្នុងយុគសម័យបច្ចេកវិទ្យា អភិបាលកិច្ច និងសេវាកម្មររបស់សហជីពប្រទេសចិន ការវិនិយោគ និងការអភិវឌ្ឍវិស័យវាយនភណ្ឌ និងគោលនយោបាយកិច្ចគាំពារសង្គម របស់សហជីពប្រទេសចិន ហិរញ្ញវត្ថុសហជីព វិស័យឧស្សាហកម្មធន់ស្រាល វាយនភណ្ឌ និងឧស្សាហកម្មថ្នាំជក់។
គណ:ប្រតិភូ NACC នឹងធ្វើដំណើរតាមរថភ្លើងល្បើនលឿនឆ្ពោះទៅខេត្តជើជាំង ដែលមានចម្ងាយប្រមាណជាង១២០០គីឡីម៉ែត្រពីទីក្រុងប៉េកាំង ដើម្បីទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលរោងចក្រវាយនភ័ណ្ឌ និងឧស្សាហកម្មផលិតរថយន្ត និងវិស័យផ្សេងជាច្រើនទៀត៕