(ព្រះសីហនុ)៖ «យើងត្រូវសម្រចឲ្យបានវិស័យអាទិភាពចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ដែលបានដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការពង្រីកវិសាលភាពក្នុងគោលបំណងចូលរួមឱ្យយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។
នេះជាការលើកឡើងរបស់លោក ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ២០២៥ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
បន្ថែមពីនេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់ការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានធ្វើការវាយតម្លៃនូវចំណុចខ្លាំង និងបញ្ហាប្រឈមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល។ ព្រមទាំងបានឯកភាពលើរបាយការណ៍របស់ស្នងការខេត្ត ការលើកឡើង និងគាំទ្រចលនាប្រឡងប្រណាំងភូមិឃុំ សង្កាត់មានសុវត្ថិភាព សម្រាប់ខេត្តមានស្ថិរភាព ល្អប្រសើរ ការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានកើនឡើង ២៦៦លើក នេះជាជោគជ័យសម្រាប់ប្រជាពលរដ្ឋ ការរៀបចំធ្វើវេទិការសាធារណៈមានការកើនឡើង ចលនាប្រជាការពារក៏មានការកើនឡើង ពិសេសកងកម្លាំងសមត្ថិកិច្ចគ្រប់ប្រភេទ។
លោកបន្តថា ដើម្បីកាត់បន្ថយបទល្មើសចរាចរណ៍ ត្រូវមានការអប់រំនៅក្នុងគ្រួសារ សាលារៀន ពិសេសមន្ត្រីរាជការ កងកម្លាំងរបស់យើង ហើយគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិត ជាពិសេសផ្នែកសុខភាព ត្រូវយកចិត្តទុកដាក់រួមគ្នាក្នុងការអប់រំផ្សព្វផ្សាយកាត់បន្ថយគ្រោះថ្នាក់ បញ្ហាក្រុមក្មេងទំនើង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានលើកឡើងជាបន្តបន្ទាប់មិនត្រូវមានការលើកលែង ដោយឡែក នៅខេត្តព្រះសីហនុ កើតមាន ១១ករណី។ លោកបានបន្តថា ត្រូវរួមគ្នាព្យាយាមកាត់ បន្ថយកុំឱ្យមានក្មេងទំនើង ដោយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ទោះបីគ្រឿងញៀនមានការថយចុះ ៣១ករណី និងត្រូវយកចិត្តទុកដាក់ជាសំខាន់លើការចែកចាយ ការផលិត និងចរាចរណ៍ នេះជាការខិតខំប្រឹងប្រែងរបស់សមត្ថិកិច្ចក្នុងការចូលរួមទប់ស្កាត់ ផលប៉ះពាល់ដល់សន្តិសុខសង្គម ការបង្ក្រាបល្បែងស៊ីសង ក្នុងត្រីមាសមានការថយចុះ ហើយត្រូវលើកកម្ពស់ទប់ស្កាត់នៃការជួញដូរមនុស្សតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត បានឡើងថា អាជ្ញាធរ ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងមន្ទីរ អង្គភាព បន្តគាំទ្រដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីរួមគ្នាបម្រើផលប្រយោជន៍ប្រជាជនតាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ មានសុខសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុលើគ្រប់វិស័យ ប្រជាជនមានសិទ្ធិសេរីភាព មានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។ ការផ្តល់សេវាសាធារណនៅមូលដ្ឋានពាក់ព័ន្ធជាមួយរដ្ឋបាលឃុំ សង្កាត់ និងច្រកចេញចូលតែមួយក្រុង ស្រុក ខេត្ត មន្ទីរអង្គភាពដែលមានការពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈជូនប្រជាពលដ្ឋ តាមច្រកចេញចូលតែមួយ៕