(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោក Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
ក្នុងឱកាសនៃជំនួប, លោកប្រធានាធិបតីហ្វីលីពីន បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ នៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីបំណងពង្រឹង និងពង្រីក ទំនាក់ទំនងផ្នែកពាណិជ្ជកម្មបន្ថែមទៀត។
សម្ដេចបវរធិបតីបានអរគុណរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន កាលពីដើមឆ្នាំ២០២៥ នេះ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង កម្ពុជា-ហ្វីលីពីន ព្រមទាំងបានស្វាគមន៍ចំពោះការបន្តស្វែងរកកាលានុវត្តភាពថ្មីៗថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។
សម្ដេចបវរធិបតី និងលោកប្រធានាធិបតី ក៏បានពិភាក្សាគ្នាអំពីវិស័យសក្ដានុពលសំខាន់ៗមួយចំនួន ជាអាទិ៍៖ ឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI), សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs), ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេវាកម្មថែទាំសុខភាព, ទេសចរណ៍, ព្រមទាំងសន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចពិភាក្សាលម្អិតលើវិស័យសក្តានុពលខាងលើ ដើម្បីជំរុញឱ្យចេញជាសកម្មភាពជាក់ស្ដែង៕