(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំស្តីពីដំណើរការនៃការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក នៅសាលប្រជុំរំដួលនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាប និងក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តយ៉ាងសកម្មក្នុងការលើកកម្ពស់ព័ត៌មាន និងការគ្រប់គ្រងទិន្នន័យធនធានទឹកដែលជាឆ្អឹងខ្នងនៃការវិនិយោគដោយចីរភាព និងភាពធន់នឹងអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ឈានឆ្ពោះទៅការពារនិងកាត់បន្ថយការខូចខាតដល់ផលិតកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធជនបទ និងអាយុជីវិតមនុស្សសត្វ ដែលអាចកើតមានឡើងពីគ្រោះមហន្តរាយធម្មជាតិ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹកគឺក្នុងគោលបំណងដើម្បីបម្រើឱ្យការគ្រប់គ្រង ការប្រមូល ការរក្សាទុក និងការវិភាគទិន្នន័យ ព្រមទាំងការផ្តល់ព័ត៌មាន ជលសាស្ត្រ និងឧតុនិយម ប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន ហើយក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តជាក់លាក់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកឱ្យកាន់តែល្អប្រសើរ និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលជាតិនេះនឹងធ្វើឱ្យប្រទេសកម្ពុជាមានស្វ័យភាពលើការគ្រប់គ្រង ការព្យាករ និងវិភាគទិន្នន័យជលសាស្ត្រ និងឧតុនិយម ប្រកបដោយឧត្តមភាព ឯករាជ្យភាព សម្រាប់បម្រើឱ្យអន្តរវិស័យដូចជា អាកាសចរណ៍ នាវាចរណ៍ យោធា និងការកាត់បន្ថយបាននូវគ្រោះមហន្តរាយធម្មជាតិមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម តាមរយៈប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុន៕