(ភ្នំពេញ)៖ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានផ្ញើសារសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានផ្ញើលិខិតជូនពរប្រកបដោយអត្ថន័យខ្លឹមសារដ៏កក់ក្តៅបំផុតជូនសម្តេច ក្នុងឱកាសដ៏វិសេសវិសាល ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានសព្វព្រះរាជហឫទ័យព្រះរាជទាន ព្រះរាជក្រឹត្យលេខ នស/រកត/៧០៧ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ប្រោសព្រះរាជទានគោរមងារ ដល់សម្តេចជា «សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង» ។

សម្តេចអគ្គមហាសេនាបតីតេជោ ពិតជារដ្ឋបុរស ប្រកបដោយគំរូវីរភាពថ្លៃថ្លា គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ បញ្ញាញាណឈ្លាសវៃ និងមានទេពកោសល្យនយោបាយដ៏ខ្ពង់ខ្ពស់ ដែលប្រជាជាតិកម្ពុជាមិនអាចខ្វះបាន ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ សម្រេចបាននយោបាយឈ្នះ-ឈ្នះ ដើម្បីសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងកសាង អភិវឌ្ឍមាតុភូមិកម្ពុជា ឱ្យកាន់តែសម្បូណ៍សប្បាយថ្កុំថ្កើងរុងរឿង និងមានកិត្យានុភាពខ្ពស់ត្រដែតល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ។ ខ្ញុំបានចាត់ទុកថាជាភ័ព្វសំណាង និងកិត្តិយសដែលបានបម្រើជាតិក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ ក្នុងរយៈពេល៤៦ឆ្នាំ ក្រោយពីថ្ងៃរំដោះផុតពីរបប ប្រល័យពូជសាសន៍ ០៧ មករា ១៩៧៩ មកខ្ញុំបានធ្វើការលះបង់ ធ្វើការតស៊ូ និងបំរើជាតិអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ក្នុងការតស៊ូការទូត ការតស៊ូនយោបាយ និងការតស៊ូផ្លូវច្បាប់អស់ពីគំនិត និងប្រាជ្ញាដែលមាន។ ជាពិសេស ក្នុងការតស៊ូជាមួយថៃ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយបានជោគជ័យ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រេចឱ្យមានការឈប់បាញ់ (គឺការបញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា) និងបន្ទាប់មកនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ការតស៊ូខាងផ្លូវច្បាប់យ៉ាងតឹងតែងបំផុតអស់រយៈពេល៣ឆ្នាំ ជាមួយថៃរហូតបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកទី២ នៅប្រាសាទព្រះវិហារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។ ទោះបច្ចុប្បន្នមានវ័យ៩០ឆ្នាំ មានសុខភាពទ្រុតទ្រោមក៏ដោយ ខ្ញុំនឹងខិតខំប្រឹងប្រែងបម្រើជាតិឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្តនិងប្រាជ្ញាដែលមាន។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ទាំងអស់ក្នុងលោក តាមជួយថែរក្សាការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រីជាទី ស្រឡាញ់ទាំងអស់ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជារួមទាំងថ្នាក់ ដឹកនាំមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមប្រកបទៅដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាទទួលនូវការគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតពីខ្ញុំ៕

ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង៖