(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ណែនាំនាយកដ្ឋាននគរបាលទេសចរណ៍ រួមជាមួយនគរបាលទេសចរណ៍តាមរាជធានី-ខេត្ត បង្កើតក្រុមការងារប្រតិកម្មរហ័ស ដើម្បីឆ្លើយតប និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់គោលដៅទេសចរណ៍ទាំងអស់ នៅពេលមានការរាយការណ៍ ក៏ដូចជាពាក្យបណ្តឹងរបស់ពូកគាត់ ជាពិសេសនៅរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តសៀមរាប និងខេត្តកំពតជាដើម។
ការណែនាំនេះធ្វើឡើងក្នុងឱកាស លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការស្ដីពីការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងទេសចរណ៍បរទេស និងសេចក្តីណែនាំស្ដីពីបែបបទ នីតិវិធី នៃការទទួលពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹង សម្រាប់ភ្ញៀវទេសចរ និងវិនិយោគបរទេស នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបញ្ជាក់ថា ការបង្កើតក្រុមការងារតាមដានឆ្លើយតប ដោះស្រាយ និងមានវិធានការណ៍ជាប្រចាំឲ្យបានទាន់ពេលវេលា រាល់ខំមិនដែលជាកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុម ការងារព័ត៌មាន និងប្រតិកម្មរហ័សនេះ នៅក្នុងអង្គភាពនាយកដ្ឋាននគរបាលទេសចរណ៍នេះ គឺដើម្បីផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងត្រូវឆ្លើយតប ដោះស្រាយ និងចាត់វិធានការណ៍បានឆាប់រហ័ស ពាក់ព័ន្ធទៅនឹងសន្តិសុខនៃវិស័យទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនេះ ក៏ត្រូវតាមដានឆ្លើយតប ដោះស្រាយវាយបក និងចាត់វិធានការណ៍ចំពោះសារព័ត៌មាន ឬគណនីហ្វេកបុកទាំងឡាយណាដែលផុស និងផ្សព្វផ្សាយព័ត៌មានមិនពិត ហើយត្រូវតែធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានរាល់ព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់ បង្កចលាចល បង្ខូចកិត្តិយសរបស់បុគ្គល និងអង្គភាព។
សូមជម្រាបថា ផែនការស្ដីពី ការពារសន្តិសុខ សុវត្តិភាព ជូនវិនិយោគិត នឹងអ្នកទេសចរណ៍បរទេសនេះ គឺសំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ជារកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែទទួលបានជោគជ័យ ធំធេងថែមទៀត ជាពិសេសរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងអ្នកទេសចរណ៍បរទេស ឲ្យចូលមកបណ្តាក់ទុនក៏ដូចជាធ្វើទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនឡើង ជំរុញឲ្យសេដ្ឋកិច្ចជាតិ កាន់តែត្រូវបានអភិវឌ្ឍន៍ អត្រានៃភាពក្រីក្រកាន់តែត្រូវបានកាត់បន្ថយ។
ក្នុងនោះ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឲ្យបានបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ សម្រាប់ជាបុព្វហេតុបម្រើដល់ ការវិនិយោគលើគ្រប់វិស័យ និងការអភិវឌ្ឍគោលនយោបាយជាតិស្តីពីរទេសចរណ៍។ បន្ថែមពីលើនេះ ត្រូវរក្សាការពារសន្តិសុខ សុវត្តិភាពជូនវិនិយោគិននិងអ្នករទេសចរណ៍បរទេសទាំងអស់ដែលបានទទួល ការអនុញ្ញាតឱ្យធ្វើធុរកិច្ច និងទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលទេសចរណ៍ បានបង្ហាញថា ទេសចររងគ្រោះថ្នាក់ផ្សេងៗ រួមមាន៖
ក-ទេសចររងគ្រោះដោយសារបទល្មើសៈ ៥០ករណី/២១ករណី កើន២៩ករណី ស្មើ១៣៨% (សៀមរាប១១, នាយកដ្ឋាន៣៦, ប៉ោយប៉ែត០២ និងរតនគីរី ០១) ក្នុងនោះមាន៖ លួច,ឆក់, ឆបោក, ប្លន់, ហិង្សាដោយចេតនា, វិវាទ ,បាត់ប្រាក់, បន្លំ, រំលោភលើទុកចិត្ត គេចវេសមិនអនុវត្តសំណងរដ្ឋប្បវេសណី, ជួលសម្លៀកបំពាក់តម្លៃ និងផ្ទេរប្រាក់ខុសធនាគារ។
ខ-ទេសចររងគ្រោះដោយសារឧបទ្ទវហេតុៈ ១២៥ករណី/១១០ករណី កើន១៥ករណី ស្មើ១៤% (កណ្តាល១០, ភ្នំពេញ១៦, សៀមរាប៤៨, កំពត០៥, បន្ទាយមានជ័យ៣៧, បាត់ដំបង០៣, ប្រាសាទព្រះវិហារ០២, កែប០២ ,កោះកុង០១ និងកំពង់ឆ្នាំង០១) ក្នុងនោះមាន៖ ជម្ងឺ ៩២ករណី, គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី, រងគ្រោះផ្សេងៗ ២០ករណី។
គ-ជនបរទេសប្រព្រឹត្តបទល្មើសផ្សេងៗបង្ក្រាបបានៈ ៤៨ករណី/២៨ករណី(សៀមរាប៣៩, ភ្នំពេញ០១, ប៉ោយប៉ែត០២, បន្ទាយមានជ័យ០២, កំពង់ឆ្នាំង០១, កណ្តាល០១ និងនាយកដ្ឋាន០២) កើន២០ករណី ស្មើ៧១% ក្នុងនោះមាន៖ ហិង្សាដោយចេតនា, គ្រោះថ្នាក់ចរាចរណ៍, បន្លំឆបោក, បរិហាកេរ្តិ៍, រំលោភលើសេចក្តីទុកចិត្ត, សា្នក់នៅខុសច្បាប់, ឃាតកម្ម និងបង្កការខូចខាត។
ឃ-ចំនួនភ្ញៀវទេសចរណ៍រយៈពេលប្រាំខែ ឆ្នាំ២០២៥ មានភ្ញៀវទេសចរសរុបចំនួន ៩,០២៤,៦៤៣នាក់ កើន៤៧% ក្នុងនោះភ្ញៀវជាតិ ៤,២១៦,៩១៦នាក់ កើន២៣% និងភ្ញៀវអន្តរជាតិ ៤,៨០៧,៧២៧នាក់ កើន៧៧%៕