(ក្រចេះ)៖ នៅក្នុងពិធីចែកលិខិតបញ្ជាក់ការសិក្សាផ្នែកភាសាអង់គ្លេស និងកុំព្យូទ័រ និងចែកលិខិតសរសើរ សម្រាប់សិស្សជាប់ចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ មជ្ឈមណ្ឌលធនធានថ្មី នៅព្រឹកទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងវត្តចន្ទរង្សី-កែង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ លោក សេង ភីណា អភិបាលរងស្រុកព្រែកប្រសព្វ បានលើកឡើងថា ព្រះសង្ឃជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអប់រំទាំងពុទ្ធចក្រ និងអាណាចក្រ។

លោក សេង ភីណា បានបញ្ជាក់ថា ពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា ហើយការចែកលិខិតបញ្ជាក់ការសិក្សាផ្នែកភាសាអង់គ្លេស និងកុំព្យូទ័រ និងលិខិតសរសើរសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ជាជោគជ័យមួយដែលជាកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលធនធានថ្មី និងជាផ្នែកមួយចូលរួមនៅក្នុងវិស័យអប់រំ តាមរយៈការដឹកនាំរបស់ព្រះសង្ឃផងដែរ។ លោកក្រើនរំលឹកសិស្សានុសិស្ស ត្រូវបន្តការខិតខំប្រឹងប្រែងរៀនសូត្រ មានសីលធម៌ គោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ព្រះភិក្ខុសិរីបាលោ យាន សំណាង ចៅអធិការវត្តចន្ទរង្សីកែង និងជានាយក មជ្ឈមណ្ឌលធនធានថ្មី មានសង្ឃដិកាថា មជ្ឈមណ្ឌលធនធានថ្មី ត្រូវបានទទួលស្គាល់ដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តក្រចេះ លេខ៥៨២ អយក.ខក្រច ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ដែលមានភិក្ខុសិរីបាលោ យាន សំណាង ជានាយកដោយបង្រៀន ផ្ដោតសំខាន់លើភាសាអង់គ្លេស។

ព្រះអង្គបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលធនធានថ្មីនេះឡើង ដោយមានទស្សនៈវិស័យចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ជាពិសេសនៅតាមទីជនបទ ដោយចាប់ផ្តើមនៅកណ្ដាលឆ្នាំពី២០១៦ មជ្ឈមណ្ឌលនេះមានសិស្សចំនួន១៩១នាក់ ស្រី១០៦នាក់ រហូតដល់ឆ្នាំ២០២៥នេះ មានសិស្សសរុប៤៧២នាក់ ស្រី២៨៦នាក់ ប្រុស១៨៦។

ភិក្ខុសិរីបាលោ យាន សំណាង មានសង្ឃដិកាបន្តថា ការប្រារព្ធកម្មវិធីចែកលិខិតបញ្ជាក់ការ សិក្សាផ្នែកភាសាអង់គ្លេស និងកុំព្យូទ័រ ព្រមទាំងចែកលិខិតសរសើរសម្រាប់សិស្សជាប់ចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ សិស្សត្រូវទទួលវិញ្ញាបនបត្រ និងលិខិតសរសើរ សរុប១៣៥នាក់ ស្រី១១៧នាក់ ប្រុស១៨នាក់។

ក្នុងនោះ ភិក្ខុសិរីបាលោ យាន សំណាង ក៏បាននាំនូវជំនួយរបស់សប្បុរសជនដែលមានសៀវភៅ២,០០០ក្បាល ប៊ិច២,០០០ ដើម្បីចែកដល់សិស្សានុសិស្សដែលបានចូលរួមផងដែរ៕