(សៀមរាប)៖ លោក កូរ ផល្លីស អ្នកសម្របសម្រួលទីផ្សារនៅ Angkor Wildlife & Aquarium បានបញ្ជាក់ពីការចុះតម្លៃតសំបុត្រចូលទស្សនាសត្វ និងមច្ឆជាតិគ្រប់ប្រភេទ ត្រឹមតែ១មុឺនរៀលប៉ុណ្ណោះ សម្រាប់សិស្សានុសិស្សក្នុងទីរួមខេត្តសៀមរាប និង២មុឺនរៀល សម្រាប់សិស្សានុសិស្សមកពីគ្រប់បណ្ដារាជធានី-ខេត្តផ្សេងទៀត។

ការលើកឡើងនេះ ក្នុងឱកាសអាជ្ញាធរជាតិអប្សរា សហការជាមួយសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពីជាង១០ស្ថាប័ន ធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» នៅលើទឹកដីអង្គរ ខេត្តសៀមរាប រយៈពេល៣យប់៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

បើតាមការលើកឡើងរបស់ លោក កូរ ផល្លីស, Angkor Wildlife & Aquarium បើកដំណើរការបានរយៈពេលជាង២ឆ្នាំមកហើយ តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយផ្ដោតសំខាន់លើ ការអភិរក្ស ការអប់រំ និងប្រលែងសត្វចូលធនធានធម្មជាតិវិញ ក្រោយការមើលថែទាំរួច។ ទន្ទឹមនេះ Angkor Wildlife & Aquarium ក៏បានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

អ្នកសម្របសម្រួលទីផ្សាររូបនេះ បន្ថែមថា Angkor Wildlife & Aquarium បានផ្ដល់តម្លៃពិសេស ចំពោះសិស្សានុសិស្សលោកគ្រូ-អ្នកគ្រូ ដើម្បីទស្សនកិច្ចសិក្សាអំពីសត្វ, មច្ឆជាតិដែលជិតផុតពូជ និងផ្ដល់ឱកាសដល់ក្មេងៗជំនាន់ក្រោយ បានឃើញ បានស្គាល់ពីប្រភេទសត្វ មច្ឆជាតិ ក៏ដូចជាការការពារខ្លួនផងដែរ។

លោក កូរ ផល្លីស បានបញ្ជាក់ថា បច្ចុប្បន្នសត្វមាន៤៦ប្រភេទ និងមានចំនួនត្រឹម១០០ក្បាលជាងនោះទេ ដោយសារផ្ដោតលើការអភិរក្ស និងមានកិច្ចសហការ ជាមួយរដ្ឋបាលព្រៃឈើ និងជលផល ដើម្បីប្រលែងទុកវិញ ចំពោះសត្វណាដែលអាចរស់រាន្តដោយខ្លួនឯងបាន។ លោកបន្តថា ត្រីទឹកសាបមាន៤២ប្រភេទ សរុប៨៩១ក្បាល, ត្រីទឹកប្រៃមានចំនួន ៣៦ប្រភេទ សរុប៦៤២ក្បាល។

ឆ្លើយតបទៅកាន់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ លោក កូរ ផល្លីស បានលើកឡើងទៀតថា ចំពោះទឹកប្រៃមានជាសារធាតុរ៉ែផ្សេងៗ ដែលបំលែងពី ទឹកសាប ទៅជា ទឹកប្រៃ មិនមែនយកមកពីសមុទ្រនោះទេ។

សូមជម្រាបថា ក្នុងថ្ងៃធម្មតា Angkor Wildlife & Aquarium ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន១០០-៣០០នាក់។ ដោយឡែកចំពោះ ថ្ងៃចុងសប្តាហ៍ ទទួលភ្ញៀវទេសចរ បាន៤០០-៥០០នាក់៕