(ភ្នំពេញ)៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលមានសមត្ថភាពផលិតទឹកស្អាត១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ បច្ចុប្បន្ននេះ សម្រេចបានសាងសង់បាន ២៥%ហើយ ខណៈតាមផែនការរោងចក្រនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៧ ដើម្បីបង្កើនការផលិតទឹកស្អាតឱ្យបាន ១.២លានម៉ែត្រគូបក្នុងមួយថ្ងៃ ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលចេះតែបន្តកើនឡើងជាលំដាប់។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះដែរ លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រ និងការងារទម្លាក់បាតអណ្ដូងរបស់ស្ថានីយបូមទឹកឆៅចូលទៅក្នុងទន្លេមេគង្គ ដែលស្ថិតនៅក្នុងគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ផងដែរ។

គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ បានចាប់ផ្ដើមអនុវត្តការងារសាងសង់ចាប់ពីខែមិថុនា ឆ្នាំ២០២៤។

បើតាមប្រធានគម្រោងសាងសង់រោងចក្របាក់ខែងជំហានទី៣នេះ បានឱ្យដឹងថា ការងារសាងសង់រោងចក្រផលិតទឹកស្អាត និងស្ថានីយបូមទឹកឆៅបាក់ខែង ជំហានទី៣ នេះ បច្ចុប្បន្នពុំមានបញ្ហាចោទនោះទេ គឺអាចអនុវត្តបានទៅតាមផែនការដែលបានគ្រោងទុក។

លោកបានលើកឡើងថា រោងចក្រផលិតទឹកស្អាតបាក់ខែងបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធិភាពក្នុងការផ្គត់ផ្គត់ទឹកស្អាតទៅរាជធានីភ្នំពេញ និងជាពិសេសនៅតំបន់ជ្រាយក្រុង ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការទឹកស្អាតនាពេលអនាគតផងដែរ។

សូមជម្រាបថា រោងចក្របាក់ខែងជំហានទី៣ ដែលមានសមត្ថភាពផលិតទឹកស្អាត១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ មានតម្លៃ ជាង២៥២លានដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេលសាងសង់៣៦ខែ ។ រោងចក្របាក់ខែងជំហានទី៣នេះ នឹងចូលរួមផលិតទឹកស្អាត ដើម្បីបម្រើតាមសំណូមពររបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសតំបន់ជាយក្រុង និងតំបន់រណបនៅក្នុងក្រុងភ្នំពេញ ដូចជាតំបន់ព្រែកអញ្ចាញ តំបន់ព្រែកព្នៅ ក៏ដូចជាប៉ែកខាងលិចនៃខណ្ឌកំបូល។

សូមគូសបញ្ជាក់ផងដែរថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែងទាំង៣ជំហាន ចំណាយថវិកា សរុបចំនួនប្រមាណ ៦៦០ លាន ដុល្លារអាមេរិក ដែលក្នុងនោះ រួមមាន៖ ឥណទានសម្បទានពី AFD ចំនួន ៤១០ លាន ដុល្លារអាមេរិក ឥណទានសម្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ចំនួន ១០០ លានដុល្លារ អាម៉េរិក, ហិរញ្ញប្បទានឥតំណងពីសហគមន៍អឺរ៉ុប (EU) ចំនួន ២៦ លានដុល្លារអាម៉េរិក, និងថវិកាបដិភាគពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន១២៤ លានដុល្លារអាមេរិក៕