(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតអបអរសាទរជូន លោកស្រី ម៉ារៀ ហ្វីណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចំពោះប្រកាសអំពីការចូលជាសមាជិកពេញសិទ្ធិអាស៊ាន ដែលនឹងធ្វើឡើងនៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ នាខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
តាមរយៈសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា៖ «ដំណើរការ នៃការចូលជាសមាជិកពេញសិទ្ធនេះ គឺជាដំណើរដ៏វែងឆ្ងាយ ប៉ុន្តែប្រកបដោយផ្លែផ្កា។ កម្ពុជាក្នុងនាមជាមិត្តដ៏ជិតស្និទ្ធ និងជាទីទុកចិត្តរបស់ទីម័រឡេស្តេ បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីគាំទ្រដល់សមាជិកភាពរបស់ទីម័រឡេស្តេ ពីព្រោះយើងជឿជាក់យ៉ាងមុតមាំថា ទីម័រឡេស្តេនឹងរួម វិភាគទានដ៏សំខាន់ដល់ការកសាងសហគមន៍អាស៊ាន។ ជាការពិតណាស់ ក្នុងអំឡុងពេលកម្ពុជាធ្វើជា ប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ អាស៊ានបានឯកភាពគ្នាជាកុងសង់ស៊ីស ដោយបានផ្តល់ជាគោលការណ៍ ទទួលយកទីម័រឡេស្តេចូលជាសមាជិកអាស៊ាន»។
សម្តេចបានបន្ដថា សមិទ្ធផលនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏គួរជាទីមោទនៈសម្រាប់ទីម័រឡេស្តេប៉ុណ្ណោះទេ ប៉ុន្តែ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរួម បង្កប់នូវអត្ថន័យនៃស្មារតីគ្រួសារអាស៊ាន ដើម្បីជំរុញការ កសាងសហគមន៍ដោយយកប្រជាជនជាស្នូល។ ដរាបណាអាស៊ានកាន់តែមានការតភ្ជាប់ និងកាន់តែមាន សមាហរណកម្មពីគ្រប់តួអង្គ និងគ្រប់វិស័យ ពេលនោះអាស៊ាននឹងកាន់តែមានភាពធន់។
ជាថ្មីម្ដងទៀត សម្តេចរដ្ឋសភាធិបតី បានបន្ថែមថា ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវប្រធានរដ្ឋសភា ក្រោមក្របខ័ណ្ឌនៃ AIPA និង វេទិកាអន្តរសភាផ្សេងៗទៀត ដើម្បីជំរុញផលប្រយោជន៍រួមរបស់យើង ក៏ដូចជាពង្រឹងនិម្មាបនកម្មតំបន់ ដែលដឹកនាំដោយអាស៊ាន។៕