(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី និងសហការីចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមកកាន់ក្រសួងមហាផ្ទៃ របស់ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងសហការី នៃអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី។
នៅក្នុងជំនួបពិភាក្សា លោកអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៥៦ តាំងពីសម័យសហភាពសូវៀត និងរដ្ឋកម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។
ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា លោកអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ដែលនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ ដែលចាប់តាំងពីរឆ្នាំ១៩៨០ រហូតមក ភាគីរុស្ស៊ីបានទទួលសិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សាអប់រំលើមុខជំនាញផ្សេងៗ។
ទន្ទឹមនេះ លោកអភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដែលកិច្ចប្រជុំនេះគឺជាយន្តការដ៏មានសារៈសំខាន់ណាស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។
ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី និងបានថ្លែងអំណរគុណដល់ស្ថាប័ននានានៃភាគីរុស្ស៊ី ដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាលជាច្រើន លើជំនាញផ្សេងៗដល់មន្ត្រីនគរបាលជាតិកម្ពុជា។
ជាការឆ្លើយតប លោក អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានថ្លែងអំណរគុណចំពោះ លោកអភិសន្តិបណ្ឌិត ដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួបគណៈប្រតិភូការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី។
នៅក្នុងជំនួបនេះ លោក អ៊ីហ្គ័រ ក្រាស្នូវ បានធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់ការិល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ដែលមានផ្អែកមួយចំនួនអាចមានលទ្ធភាព បង្កើតកិច្ចសហប្រតិបត្តិការណាមួយជាមួយក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាគ្រឿងញៀនជាដើម។
ក្នុងជំនួបនេះផងដែរ លោកអភិសន្តិបណ្ឌិត និងលោក អ៊ីហ្គ័រ ក្រាស្នូវ បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ៕