(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងចិនបានបើក «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែឧសភាសប្តាហ៍មុន ជាមួយនឹងការសាទរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋនៃប្រទេសទាំងពីរ។
លោកកែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គម និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានចាត់ទុកថា ការកំណត់ឆ្នាំ២០២៥ជាឆ្នាំផ្លាស់ប្តូរភ្ញៀវទេសចរនេះ នឹងទទួលបានជោគជ័យ ព្រោះកម្ពុជានិងមានទំនាក់ទំនងល្អជាមួយគ្នា លើគ្រប់វិស័យរួចមកហើយ៖ “អ៊ីចឹងដូចយើងបានដឹងហើយថា ចិនជាប្រទេសដែលមានអ្នកធ្វើដំណើរច្រើនជាងគេ ក្នុងពិភពលោក ។ មុនកូវីដ-១៩ចិន គឺជាក្រុមដ៏ខ្លាំងមួយមកលេងនៅកម្ពុជា។ ដោយឡែកនៅឆ្នាំ២០២៥នេះ ការធ្វើដំណើរត្រឡប់មកវិញ របស់ប្រជាជនចិន គឺកម្ពុជាមានឱកាសមាសតែម្តង ក្នុងការទាកទាញពួកគាត់ (ភ្ញៀវទេសចរចិន)។ ដូច្នេះច្បាស់ណាស់កម្ពុជា បានត្រៀមខ្លួនតាមរយៈយុទ្ធនាការផ្សេងៗ ”។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញ បង្កើនភ្ញៀវទេសចរចិន មកទស្សនានៅកម្ពុជាកាន់តែច្រើន។ ជាក់ស្តែង កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ប្រមាណ៨៥ម៉ឺននាក់ កើនឡើង៥៥% ធៀបនឹងឆ្នាំ២០២៣ ហើយសម្រាប់ រយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ ទេសចរចិន មានចំនួន ជាង៣៨ម៉ឺននាក់ កើនឡើងជិត៤៩%។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗ ជាបន្តបន្ទាប់ រួមមានទាំង ពិធីបុណ្យតន្ត្រីទេសចរណ៍អន្តរជាតិកម្ពុជា-ចិន អមដោយព្រឹត្តិការណ៍បង្ហាញតន្ត្រីចម្រុះកម្ពុជា-ចិន, មហោស្រពសិល្បៈ តាមដងផ្លូវអន្តរជាតិកម្ពុជា-ចិន មានដូចជា ល្ខោនបាសាក់កម្ពុជា-ហ៊ីចិន, មហោស្រពក្បាច់គុណចម្រុះកម្ពុជាចិន, ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ ម្ហូបអាហារកម្ពុជាចិន សន្និសីទទេសចរណ៍អន្តរជាតិកម្ពុជាចិន ព្រមទាំងកម្មវិធីមួយចំនួនទៀត។
លោក ឃុន ហុង មានវ័យ៨២ឆ្នាំ រស់នៅរាជធានីភ្នំពេញបានអរគុណចំពោះថ្នាក់ដឹកនាំកម្ពុជា និងចិនដែលកំណត់ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥នេះ៖ “សូមភ្ញៀវទេសចរចិន មកលេងអង្គរវត្ត មកលេងរាជធានីភ្នំពេញ ព្រោះមាត់ទន្លេសប្បាយណាស់! ហើយសង្ឃឹមថាភ្ញៀវទេសចរកម្ពុជា និងចិននឹងផ្លាស់ប្ដូរទៅលេងគ្នាទៅវិញទៅមក ដើម្បីស្វែងយល់ពី ប្រពៃណីវប្បធម៌គ្នា។ ហើយសូមជូនពរចំណងមិត្តភាព និងប្រជាជនប្រទេសទាំងពីរជួបតែសេចក្តីសុខ ប្រកបដោយសន្តិភាពទាំងអស់គ្នា”។
សរុបសេចក្តីមក ទំនាក់ទំនងកម្ពុជានិងចិនត្រូវបានពង្រឹងនិងពង្រីក កាន់តែខ្លាំងក្លា ក្នុងក្របក្របខ័ណ្ឌភាពជាដៃគូជា យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ ។ ដូច្នេះបើផ្អែកលើកត្តាសំខាន់ៗនេះ យើងរំពឹងថា ភ្ញៀវទេសចរចិនកាន់តែច្រើននឹងធ្វើដំណើរមកកម្ពុជា នាពេលខាងមុខ៕
វិទ្យុមិត្តភាពកម្ពុជាចិន