(សៀមរាប)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) នៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំលើកទី១០ ក្រុមការងារស្វែងរក និងជួយសង្គ្រោះ អង្គការ អាកាសចរណ៍ស៊ីវិលអន្តរជាតិ តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។

ពិធីនេះ ក្រោមវត្តមានរបស់លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាដំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានអ្នកចូលរួមចំនួន១៥០នាក់ រួមមានគណៈប្រតិភូ និងអ្នកជំនាញមកពី ២៣ប្រទេស ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំណាងមកពីអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia-Nation Flag Carrier) និងសេវាត្រួតពិនិត្យ Flag ចរាចរណ៍ផ្លូវអាកាសកម្ពុជា (CATS)។

កិច្ចប្រជុំនេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ផ្លាស់ប្តូរការអនុវត្តល្អបំផុត និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងប្រតិបត្តិការរុករក និងសង្គ្រោះអាកាសចរណ (SAR)។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ លោក ជា អូន បានរំលឹកពីសារៈសំខាន់នៃការកែលម្អសមត្ថភាព ក្នុងបរិបទនៃការរិកចម្រើនឆាប់ ចាប់ប្រតិបត្តិការរុករក និងសង្គ្រោះ ជាពិសេស «កិច្ចប្រជុំនេះ ជាវេទិកាសំខានសម្រាប់ការប្តូរជំនាញ និងបង្កើតដលេ ជាក់ស្តែង ដើម្បីធានាបាននូវប្រសិទ្ធភាពនៃកិច្ចខិតខំរួមគ្នារបស់យើង ក្នុងការសង្គ្រោះអាកាសចរណ៍»

លោកបន្តថា រយៈពេលជាងពីរទស្សវត្សចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិល បានឈានដល់កំណើនដ៏ខ្លាំងក្លា ទាំងក្នុងបរិបទអន្តរជាតិ និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងនោះចំនួនអ្នកដំណើរផ្លូវអាកាសទូទាំងពិភពលោក បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាទីផ្សារអាកាសចរណ៍ ដែលមានអត្រាកំណើន លឿនបំផុត ដោយសារកំណើនសេដ្ឋកិច្ចរហ័ស និងការកើនឡើងនៃតម្រូវការពីប្រជាពលរដ្ឋដែលមានជីវភាពមធ្យម។

លោកបានបន្តថា សម្រាប់កម្ពុជា វិស័យអាកាសចរណ៍ស៊ីវិល បានឈានទៅមុខប្រកបដោយនិរន្តរភាព ចាប់តាំងពីឆ្នាំ២០០០ ជាមួយនឹងចំនួនអ្នកដំណើរដែលកើនពីក្រោម១លាននាក់ បានកើនទៅជាង ១១លាននាក់ ក្នុងឆ្នាំ២០១៩។ ទោះបីជាវិបត្តិជំងឺកូវីដ-១៩ បានរំខានដល់សន្ទុះនេះក្នុងអំឡុងពេលខ្លីក៏ដោយ ក៏វិស័យនេះ បានបង្ហាញពីសមត្ថភាពស្តារឡើងវិញយ៉ាងរឹងមាំ។

លោក ជា អូន បន្តទៀតថា ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ពន្ធ័ធំៗ ដូចជា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដែលបានបើកដំណើរការជាផ្លូវការហើយ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងចាប់ផ្តើមដំណើរការខាងមុខនេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់កម្ពុជា ចំពោះការធ្វើទំនើបកម្មវិស័យអាកាសចរណ៍ស៊ីវិល។

លោកបន្ថែមថា កំណើននេះគាំទ្រយ៉ាងជាក់លាក់ដល់ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី០១ (Pentagon Strategy Phase I) របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការកែលម្អ ការតភ្ជាប់ជាតិទៅកាន់ប្រទេសនានា លើពិភពលោក ការបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ និងការផ្តល់សមត្ថភាពដល់កម្ពុជា ក្នុងការរួមបញ្ចូលទៅក្នុងសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ។

ក្នុងរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កិច្ចប្រជុំក្រុមការងាររុករក និងសង្គ្រោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការអាកាសចរណ៍អន្តរជាតិ (ICAO APSARW G/10) នឹងពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ ការធ្វើបច្ចុប្បន្នភាពផែនការស្វែងរក និងជួយសង្គ្រោះ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ការត្រួតពិនិត្យបញ្ហាសុវត្ថិភាពក្នុងលំហអាកាស និងយុទ្ធសាស្ត្រសម្របសម្រួលសម្រាប់ពង្រឹងសមត្ថភាពសង្គ្រោះនៅថ្នាក់ជាតិ និងតំបន់។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំក្រោមការជ្រោមជ្រែង ពីការិយាល័យអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងដោយមានការគាំទ្រពីលោក តាត ម៉ា នាយកតំបន់អាស៊ីប៉ាស៊ីហ្វឹកផងដែរ។ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ បន្តមានតួនាទីសំខាន់ក្នុងការនាំយកសមាជិករដ្ឋឱ្យសម្រេចបាននូវសេវាកម្មរុករក និងសង្គ្រោះ ដែលមានស្តង់ដា និងមានប្រសិទ្ធភាព តាមគោលការណ៍សុវត្ថិភាពអាកាសចរណ៍អន្តរជាតិ៕