(សៀមរាប)៖ ក្នុងដំណើរទស្សនកិច្ច «បេតិកភណ្ឌ» លោក អ៉ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញដល់អ្នកសារព័ត៌មានជាង១០ស្ថាប័ន ដើម្បីស្វែងយល់បន្ថែមអំពី ការងារអប់រំបេតិកភណ្ឌ និងសិប្បកម្មក្នុងតំបន់រមណីយដ្ឋានអង្គរ។ បទបង្ហាញនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិ លើទឹកដីអង្គរ។

អ្នកជំនាញបុរាណវិទូរូបនេះ បានអះអាងថា គោលបំណងរបស់អាជ្ញាធរជាតិអប្សរា គឺការអប់រំបេតិកភណ្ឌ និងផ្ដោតសំខាន់ចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ នៅតំបន់បេតិកភណ្ឌ ពោលគឺអប់រំក្មេងៗជំនាន់ក្រោយ ឲ្យបានសិក្សាស្វែងយល់ពីតម្លៃដ៏ខ្ពង់ខ្ពស់ វប្បធម៌ ប្រពៃណី និងអភិរក្សប្រាង្គប្រាសាទកម្ពុជា។

លោក អ៉ឹម សុខរិទ្ធី លើកឡើងយ៉ាងដូច្នេះថា «យើងម្ចាស់ផ្ទះយើងត្រូវស្គាល់ផ្ទះខ្លួនឯង […] បើយើងមិនស្គាល់ឲ្យភ្ញៀវមកប្រាប់វិញជារឿងគួរឲ្យខ្មាស់ ម្ចាស់ផ្ទះត្រូវដឹង និងស្គាល់ដោយខ្លួនឯង ដើម្បីឆ្លើយតបទៅភ្ញៀវទេសចរវិញ»

បើតាមលោក អ៉ឹម សុខរិទ្ធី, បច្ចុប្បន្នមានក្មេងៗនៅក្នុងសហគមន៍ប្រមាណ ៧០%ទៅ៨០% ដែលបានទទួលការបណ្ដុះបណ្ដាលពី ការអប់រំបេតិកភណ្ឌ។ លោកបន្តថា អ្នកដែលសិក្សារៀនសូត្រ និងបម្រើការងារថែរក្សាប្រាង្គប្រសាទ ទាមទារឲ្យមានការស្រឡាញ់ ភាពអត់ធ្មត់ ដោយការជួលជុលប្រាង្គប្រសាទមិនមែនជារឿងងាយស្រួលនោះទេ។

លោក អ៉ឹម សុខរិទ្ធី បានសង្កត់ធ្ងន់ថា ការសិក្សាអប់រំបេតិកភណ្ឌជា អាទិភាពចំបង ដើម្បីត្រៀមខ្លួនក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ដូនតាខ្មែរបានបន្សល់ទុកកេរ្តិ៍ដំណែលយ៉ាងមានតម្លៃបំផុត ដែលអាចរកប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

អ្នកជំនាញបុរាណវិទូរូបនេះ បានបន្ថែមទៀតថា អាជ្ញាធរជាតិអប្សរា មានគោលដៅស្នើទៅកាន់ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំជាកម្មវិធីសិក្សា និងពង្រីកទៅមន្ទីរនៅតាមបណ្ដារាជធានី-ខេត្ត ក៏ដូចជារៀបចំមេរៀនសម្រាប់ប្រជាពលរដ្ឋទាំងអស់អាចស្វែងយល់បាន។

សូមជម្រាបថា អាជ្ញាធរជាតិអប្សរា ជាអ្នកបណ្ដុះបណ្ដាល អ្នកបន្តវេនថែរក្សាអង្គរ។ អង្គរ ជាដួងព្រលឹង និងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ ក្រៅពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជា កិច្ចការអាទិភាពយ៉ាងសំខាន់បំផុត៕